ក្រុមហ៊ុនជប៉ុនគ្រោងវិនិយោគលើការផលិតប្រព័ន្ធខ្សែភ្លើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេស នាចុងឆ្នាំនេះ
K
Kimhuoy Klaing
05 សីហា 2023 02:02 AM

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Toyota Tsusho Corporation នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត លើការផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្ត ដែលអាចនឹងចាប់ផ្តើមដំណើរការនៅខែធ្នូ ឆ្នាំ២០២៣ខាងមុខ និងអាចស្រូបយកកម្លាំងពលកម្មប្រមាណ៨០០កន្លែងបន្ថែមទៀត។ 

នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ជាមួយនឹងក្រុមហ៊ុន Toyota Tsusho Corporation នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមហ៊ុនជប៉ុននេះបាននិងកំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន។ ពេលនេះកម្មករនិយោជិតកម្ពុជាមួយចំនួនក៏កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសថៃ និងនៅក្រុមហ៊ុន Yazaki (Cambodia) Products Co.,Ltd នៅខេត្តកោះកុង។

គួររំលឹកផងដែរថា ក្រុមហ៊ុន Toyota Tsusho បានបង្កើតរោងចក្រដំឡើងរថយន្តឈ្មោះ Toyota Tsusho Manufacturing Cambodia (TTMC) នៅក្នុងកម្ពុជា ជាមួយទឹកប្រាក់វិនិយោគចំនួន ៣៦,៨ លានដុល្លារអាម៉េរិក។ គម្រោងនោះគឺជាផ្តួចផ្តើមដោយផ្អែកលើ «MOU ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរថយន្ត» ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Toyota Tsusho ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលទាក់ទងនឹងអាស៊ាន ដែលធ្វើឡើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត