គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតក្នុងខេត្តព្រះសីហនុ ផ្តល់ឱកាសការងារ៧ពាន់កន្លែង
S
Soriya Sou
16 ឧសភា 2025 08:30 AM

ក្រុងព្រះសីហនុ៖ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី អាយអេសអាយ (ISI SEZ) ក្នុងខេត្តព្រះសីហនុ នឹងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកខេត្តព្រះសីហនុ បានសរុបប្រមាណ៧០០០កន្លែង…។

រូបភាពពី រដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពី រដ្ឋបាលខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅថ្ងៃទី១៦ឧសភា ឆ្នាំ២០២៥នេះថា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី អាយអេសអាយ ជាគម្រោងរបស់ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក មានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈក្រុមហ៊ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស អាយអេសអាយ នៅលើផ្ទៃដីសរុបប្រមាណ២០៦ហិកតា។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្ត ស្តីពីលទ្ធផលបឋមនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសអាយអេសអាយ (ISI SEZ) នៅព្រឹកថ្ងៃទី១៦ឧសភា ឆ្នាំ២០២៥ អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា គម្រោងនេះ មានទុនវិនិយោគសរុបប្រមាណជាង៥០លានដុល្លារអាម៉េរិក ដែលត្រូវបានរំពឹងថានឹងផ្តល់ឱកាសការងាររហូតដល់៧ពាន់កន្លែងបន្ថែមទៀត។

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ 
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ 

ស្របពេលគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ ផ្ដល់ប្រយោជន៍យ៉ាងច្រើន លោក ឡុង ឌីម៉ង់ បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ផ្តល់ការសម្របសម្រួលនានា ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍគម្រោង។ ដោយឡែក ក្រុមហ៊ុនប្រឹក្សាយោបល់ ត្រូវប្រមូលយកមតិយោបល់ជាធាតុចូលដ៏មានសារសំខាន់ ដែលបានលើកឡើងដោយមន្ទីរ-អង្គភាព​ជំនាញ ដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងគ្រប់វិស័យ។ ទន្ទឹមគ្នា ក្រុមហ៊ុនអភិវឌ្ឍត្រូវធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន ចំពោះរាល់កិច្ចការងារការពារបរិស្ថាន និងធនធានធម្មជាតិដែលជាទ្រព្យសម្បត្តិរដ្ឋ ជាពិសេសកិច្ចការដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ រួមទាំងកាយសម្បទារបស់បុគ្គលិក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សំខាន់ជាងនេះ ក្រុមហ៊ុនក៏ត្រូវពិនិត្យលទ្ធភាពប្រើប្រាស់ប្រភពស្អាត ពោលគឺថាមពលបៃតង ឬថាមពលដែលអាចកកើតឡើងវិញផងដែរ និងត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ មានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។

លោក ឡុង ឌីម៉ង់ និងមន្រ្តីពាក់ព័ន្ធ ក្នុងពេលចុះពិនិត្យគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី <br />
លោក ឡុង ឌីម៉ង់ និងមន្រ្តីពាក់ព័ន្ធ ក្នុងពេលចុះពិនិត្យគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី

សូមជម្រាបថា គម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយអេសអាយ (ISI SEZ) ត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី​១០មករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់
រូបភាពពី រដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពី រដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពី រដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពី រដ្ឋបាលខេត្តព្រះសីហនុ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត