
ជម្លោះព្រំដែន៖ កាសែត The New York Editorial ដ៏ល្បីរបស់សហរដ្ឋអាម៉េរិក បានចុះផ្សាយអត្ថបទកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមចំណងជើងថា «អំពើឆបោកអនឡាញ មិនអាចគ្របដណ្ដប់លើបញ្ហាដែនអធិបតេយ្យឡើយ»។ កាសែតអន្តរជាតិដ៏ធំមួយនេះ ចុះផ្សាយដោយដកស្រង់ចេញពីសំណេរដើមរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក...។

តាមពិត មិនមែនតែលោក នេត្រ ភក្រ្តា នោះទេ! ថ្នាក់ដឹកនាំកម្ពុជា ដូចជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមន្រ្តីជាន់ខ្ពស់ផ្សេងៗទៀត ក៏តែងតែប្រកាសប្រាប់អន្តរជាតិថា ថៃយកអំពើឆបោកអនឡាញ ធ្វើជាលេស ដើម្បីចូលឈ្លានពានកម្ពុជា។ អំពើឆបោកអនឡាញនេះ គឺអាជ្ញាធរកម្ពុជា អាចបង្ក្រាបបានដោយខ្លួនឯង ដោយ[ថៃ]គ្មានសិទ្ធិចូលមកវាយប្រហារបង្ក្រាប[ស្កេមអនឡាញ]លើទឹកដីកម្ពុជា ដែលជាប្រទេសមាន[អធិបតេយ្យឯករាជ្យ]បានឡើយ ហើយក៏មិនអាចប្រើលេសនេះ មកបិទបាំងអំពើឈ្លានពានដ៏សាហាវយង់ឃ្នង និងព្រៃផ្សៃរបស់ខ្លួន មកលើប្រទេសកម្ពុជាបានដែរ។

កាសែត The New York Editorial ចេញផ្សាយដោយបរិយាយបញ្ជាក់ច្បាស់ៗទៀតថា លោក នេត្រ ភក្ត្រា អំពាវនាវឱ្យថៃ ពឹងផ្អែកលើសន្ធិសញ្ញា ស្របតាមច្បាប់ ក្នុងការដោះស្រាយបញ្ហាព្រំដែន មិនមែនប្រើកម្លាំងយោធា នោះទេ។ មិនមែនតែម្ដងទេ! កាសែតនេះ បានចុះផ្សាយអត្ថបទមួយបន្ថែមតាមក្រោយទៀត (Update) ជុំវិញសំណេររបស់លោករដ្ឋមន្រ្តីព័ត៌មានកម្ពុជា។ ក្នុងអត្ថបទលើកទី២នេះ កាសែត The New York Editorial សរសេរដោយផ្អែកតាមសំណេររបស់លោក នេត្រ ភក្ត្រា ថា កម្ពុជា ជំរុញឱ្យថៃញែកបញ្ហាព្រំដែន និងបញ្ហាឆបោកអនឡាញ ឱ្យដាច់ពីរគ្នា។ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានសង្កត់ធ្ងន់ថា៖«ការបង្ក្រាបអំពើឆបោកអនឡាញ និងការដោះស្រាយបញ្ហាព្រំដែន គឺជារឿង២ផ្សេងគ្នា ដែលស្ថិតក្រោមច្បាប់អន្តរជាតិ។»

ជាការកត់សម្គាល់ អ្វីដែលរដ្ឋមន្រ្តីព័ត៌មានកម្ពុជា លើកឡើង ហើយត្រូវបានកាសែតសហរដ្ឋអាម៉េរិកដ៏ល្បីល្បាញ ចុះផ្សាយបន្តនាពេលនេះ គឺ[មិនខុស]នោះទេ។ រាល់ដង ឱ្យតែនាំប្រព័ន្ធផ្សព្វផ្សាយចុះទៅព្រំដែន ថៃតែងតែអះអាងក្នុងន័យការពារខ្លួនថា ដើម្បីពិនិត្យមើល និងចុះផ្សាយពីតំបន់ដែលមានអំពើឆបោកអនឡាញ។ តំបន់ដែលមន្រ្តី និងយោធាថៃ ចុះទៅពិនិត្យនោះ គឺជាតំបន់ស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ដែលយោធាថៃកាន់កាប់ដោយខុសច្បាប់ ក្រោយមានបទឈប់បាញ់ទៅហើយ។ កម្ពុជា តែងទាមទារឱ្យថៃ ដោះស្រាយបញ្ហាព្រំដែន និងតំបន់ដែលមានជម្លោះជាមួយគ្នា ទៅតាមច្បាប់អន្តរជាតិ តែថៃបែរជាជ្រើសរើសប្រើកម្លាំងយោធាទៅវិញ៕





