ទីបំផុត! នាវាផ្ទុកយន្តហោះអាម៉េរិកបានទៅដល់ថៃ ក្រោយរសាត់អណ្តែតលើផ្ទៃមហាសាគរជាង២០០ថ្ងៃ
ហៀប ស៊ីថេត
មួយម៉ោងមុន

រាជធានីបាងកក៖ ​នាវា​ផ្ទុកយន្តហោះ​របស់សហរដ្ឋអាម៉េរិក អាប្រាហាំ លីនខូលន៍ (Abraham Lincoln) បានចូលទម្លាក់យុថ្កានៅកំពង់ផែឡែមឆៈប័ង (แหลมฉบัง) នៅព្រឹកថ្ងៃពុធទី២ ខែកញ្ញានេះ បន្ទាប់ពីបានរសាត់អណ្តែតលើផ្ទៃមហាសាគរជាង២០០ថ្ងៃ រាប់បញ្ចូលទាំងការពង្រាយកងទ័ពយ៉ាងយូរនៅតំបន់មជ្ឈិមបូព៌ា ក្រោយមានរ​បាយការណ៍ បង្ហាញអំពីក្ដីបារម្ភលើសុខភាពផ្លូវចិត្ត និងលក្ខខណ្ឌកាន់តែយ៉ាប់នៅលើនាវា។

នាវាផ្ទុកយន្តហោះ ដែលមាននាវិក និងកងម៉ារីនប្រមាណ៥០០០នាក់នៅលើនោះ បានបង្កើតកំណត់ត្រា សម័យទំនើបដោយចាយជីវិតរស់នៅនៅលើផ្ទៃសមុទ្ទជាង២០០ថ្ងៃ។ ជាទូទៅ ការពង្រាយកងទ័ពជើងទឹក មានរយៈពេលចន្លោះពី៦ ទៅ៩ខែ ប៉ុន្តែក្នុងអំឡុងពេលមានជម្លោះ រយៈពេលនេះ ត្រូវបានពន្យារពេល។ ដោយមានការអមដំណើរ ដោយនាវាចម្បាំងអាម៉េរិកផ្សេងទៀត នាវាផ្ទុកយន្តហោះនេះ នឹងឈប់សម្រាកនៅប្រទេសថៃ រយៈពេល៥ថ្ងៃ។ នេះបើយោងតាមមន្ត្រីថៃ។ ការមកដល់ នៃបុគ្គលិកយោធារាប់ពាន់នាក់នេះ បានផ្តល់ក្ដីសង្ឃឹម ក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងទីក្រុងរមណីយដ្ឋានប៉ាតាយ៉ា (Pattaya) ដែលជាទីក្រុងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូរណាស់មកហើយខាងទេសចរណ៍ផ្លូវភេទ និងអំពើពេស្យាកម្ម។

រថយន្តក្រុងប្រមាណ៤០គ្រឿង ត្រៀមដឹកជញ្ជូនបុគ្គលិកយោធា ចេញពីកន្លែងនាវាចូលចត។ នេះបើយោងតាមសម្តី លោក ប៉រៈមេសរ៍ ង៉ាមពិសេស (ปรเมศวร์ งามพิเชษฐ์) អភិបាលក្រុងប៉ាតាយ៉ា។ លោកបានប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រថា៖«មានកន្លែង និងសកម្មភាពមួយចំនួនដែលបុគ្គលិកត្រូវហាមឃាត់ មិនឱ្យចូលរួម ដូចជាកីឡាលើទឹកគ្រប់ប្រភេទ ការជិះម៉ូតូទឹក ការលោតខ្សែ ការប្រកួតកាច់ដៃ និងការប្រដាល់»។ ជាមួយគ្នា មន្ត្រីថៃនិយាយថា កងកម្លាំងនគរបាលនឹងដាក់ពង្រាយល្បាតបន្ថែម នៅជុំវិញតំបន់ឆ្នេរខ្សាច់ និងតំបន់កម្សាន្តរាត្រីសំខាន់ៗរបស់ក្រុងប៉ាតាយ៉ា បន្ទាប់ពីមានការចុះបង្ក្រាប កាលពីចុងសប្តាហ៍មុន ដែលបានឃាត់ខ្លួនមនុស្សពី៤០ទៅ៥០នាក់ ពីបទសង្ស័យថា ធ្វើអាជីវកម្មផ្លូវភេទ។

ទោះបីជាអាជ្ញាធរថៃព្យាយាមសម្ដែងល្ខោនតាមរយៈបង្កើតរូបភាព នៃការរក្សាសន្តិសុខ និងការរៀបចំសណ្តាប់ធ្នាប់ក៏ដោយ ក៏ទីក្រុងកម្សាន្តប៉ាតាយ៉ា នៅតែបន្តដើរតួជាផ្សារលក់សាច់ស្រស់ដ៏ល្បីល្បាញ រង់ចាំបម្រើតណ្ហាកងទ័ពអាម៉េរិកដើម្បីតែផលប្រយោជន៍លុយកាក់ ច្រើនជាងការគិតគូរអំពីកិត្តិយស និងសីលធម៌សង្គម។ សកម្មភាពទាំងនេះ បានបញ្ជាក់កាន់តែច្បាស់ថា ប្រទេសថៃនៅតែមិនអាចបោះជំហានផុតពីភាពអាម៉ាស នៃកេរ្តិ៍ឈ្មោះជាមជ្ឈមណ្ឌលទេសចរណ៍ផ្លូវភេទពិភពលោកឡើយ ដោយសារតែការខ្វះឆន្ទៈពិតប្រាកដ ក្នុងការអនុវត្តច្បាប់ និងការបណ្តែតបណ្តោយឱ្យអំពើពុករលួយគ្រប់គ្រងលើសីលធម៌សង្គម ខណៈអាជ្ញាធរថៃនៅតែបន្តដេកស៊ីលើញើសឈាម នៃការកេងប្រវញ្ចផ្លូវភេទ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត