
រាជធានីបាងកក៖ ក្រុមបាតុករថៃមួយក្រុម បានប្រមូលផ្តុំគ្នាស្រែកតវ៉ា នៅខាងមុខស្ថានទូតអ៊ីស្រាអែល ប្រចាំរាជធានីបាងកក កាលពីរសៀលថ្ងៃអង្គារទី០១កញ្ញា ដើម្បីធ្វើបាតុកម្ម ប្រឆាំងនឹងវត្តមានរបស់ជនជាតិអ៊ីស្រាអែល នៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយដោយកាសែត ខាវសដ...។

នៅក្នុងសកម្មភាពតវ៉ានេះ ក្រុមបាតុករបានសម្ដែងការអាក់អន់ស្រពន់ចិត្ត និងបានចោទប្រកាន់ថា ទេសចរអ៊ីស្រាអែលមួយចំនួន មានឥរិយាបថមិនសមរម្យ និងខ្វះការគោរព ចំពោះប្រជាជនថៃ។ លើសពីនេះ ក្រុមអ្នកតវ៉ា ក៏បានចោទប្រកាន់បន្ថែមទៀតថា ជនជាតិអ៊ីស្រាអែល ដែលរស់នៅក្នុងប្រទេសថៃ កំពុងព្យាយាមទិញដីធ្លីយ៉ាងច្រើនសន្ធឹកសន្ធាប់ និងមានបំណងចង់ប្រែក្លាយប្រទេសថៃឱ្យទៅជាដែនដីកាន់កាប់ ដូចករណីដែនដីប៉ាឡេស្ទីន។

ពាក់ព័ន្ធនឹងការតវ៉ានេះ មេខ្លោងដឹកនាំបាតុកម្ម លោក តេ អាឈីវៈ (เต อาชีวะ) បានប្រាប់បណ្តាញព័ត៌មាន ខាវសដ ថា ស្ថានទូតអ៊ីស្រាអែល មិនបានបញ្ជូនតំណាង ឬមន្ត្រីណាម្នាក់ឱ្យចេញមកជួប ឬទទួលញត្តិពីក្រុមរបស់លោកឡើយ។ គួរបញ្ជាក់ថា សកម្មភាពតវ៉ានេះ បានឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពតានតឹង និងការមិនពេញចិត្តរបស់ក្រុមអ្នកជាតិនិយមថៃមួយចំនួន ចំពោះសកម្មភាពរបស់ជនជាតិអ៊ីស្រាអែល និងបញ្ហាកម្មសិទ្ធិដីធ្លីនៅក្នុងប្រទេស ព្រោះបារម្ភខ្លាចជាប៉ាឡេស្ទីនទី២៕





