
រដ្ឋធានីសិង្ហបុរី៖ សិង្ហបុរី ជាប្រទេសមានបំផុតមួយនៅទ្វីបអាស៊ី បើគិតលើផលិតផលក្នុងស្រុកសរុប ឬ(GDP) សម្រាប់មនុស្សម្នាក់ៗ។ ប្រទេសក្នុងតំបន់អាស៊ានមួយនេះ បានបំបែកកំណត់ត្រា ប្រមូលចំណូលពន្ធដារ នៅក្នុងកម្រិតមួយដ៏ខ្ពស់បំផុត មិនធ្លាប់មានរហូតដល់៩៧,៣ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹង៧៦,៩ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦ ដោយសារសកម្មភាពសេដ្ឋកិច្ច និងការចំណាយរបស់អ្នកប្រើប្រាស់ មានភាពរឹងមាំ។ នេះបើតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃចន្ទទី៧ ខែកញ្ញានេះ...។

អាជ្ញាធរពន្ធដារសិង្ហបុរី (IRAS) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីពេលថ្មីៗនេះថា តួលេខបានកើនឡើង៩,៤ភាគរយ ធៀបនឹងឆ្នាំ២០២៥ ដែលជាកម្រិតខ្ពស់បំផុត មិនធ្លាប់មានពីមុនមក។ ចំនួនទឹកប្រាក់សរុប នៃការប្រមូលពន្ធទាំងនេះ ស្មើនឹង១២,៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬGDPរបស់សិង្ហបុរី។ ឆ្នាំសារពើពន្ធនេះ បានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុន នៅតែជាប្រភពចំណូលពន្ធដ៏ធំបំផុត ដោយស្មើនឹងជាង៣៥ភាគរយ នៃការប្រមូលពន្ធសរុប។ ពន្ធលើទំនិញ និងសេវាកម្ម (GST) គឺជាប្រភពធំទីពីរ ដោយស្មើនឹង២២ភាគរយ ខណៈពន្ធលើប្រាក់ចំណូលបុគ្គល មានចំណែក២១,៥ភាគរយ។

នៅក្នុងឆ្នាំសារពន្ធដដែលនេះ អាជ្ញាធរពន្ធដារសិង្ហបុរី (IRAS) ក៏បានអនុវត្តការផ្ដល់ប្រាក់ឧបត្ថម្ភ និងការទូទាត់ប្រាក់ មានទំហំទឹកប្រាក់ជិត១,២ពាន់លានដុល្លារសិង្ហបុរី ជូនដល់អាជីវកម្មប្រហែល១២៦ ២០០ តាមរយៈកម្មវិធីគាំទ្រផ្សេងៗ។ ស្ថាប័នប្រមូលពន្ធដារ បានធ្វើសវនកម្ម និងស៊ើបអង្កេតលើករណីចំនួន៨៥៦០ ពាក់ព័ន្ធនឹងអ្នកជាប់ពន្ធ ដែលបានគេចវេះបង់ពន្ធដោយចេតនា ដោយអាចប្រមូលត្រឡប់មកវិញនូវទឹកប្រាក់ពន្ធ និងប្រាក់ផាកពិន័យសរុបប្រហែល៥៨៩លានដុល្លារសិង្ហបុរី។ បើតាមការព្យាកររបស់ក្រុមអ្នកវិភាគ បានឱ្យដឹងថា សេដ្ឋកិច្ចសិង្ហបុរី ត្រូវគេរំពឹងថា នឹងមានកំណើន GDP ៥ភាគរយ នៅឆ្នាំ២០២៦នេះ បើធៀបនឹងឆ្នាំ២០២៥ កើនឡើង៣,៥ភាគរយ។

បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៨ នៅលើពិភពលោក សម្រាប់ GDP នៅក្នុងមនុស្សម្នាក់ៗ កាលពីឆ្នាំ២០២៥ ដោយមានកម្រិតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ ចំនួន៩៩៣៦៥ដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។ សិង្ហបុរី ជាប្រទេសដ៏តូចជាងគេបំផុត នៅក្នុងចំណោមប្រទេសចំនួន១១ នៅតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ ដោយមានប្រជាជន ចំនួនប្រហែលជាង៦លាននាក់ និងមានផ្ទៃដីទំហំត្រឹម៧៣៥,៧គីឡូម៉ែត្រការ៉េ។ ប្រទេសសិង្ហបុរី មានផលិតផលក្នុងស្រុកសរុបជាង៦៥៩,៥៧ពាន់លានដុល្លារអាម៉េរិក ដោយឈរក្នុងលំដាប់លេខ២៧របស់ពិភពលោក ហើយពលរដ្ឋម្នាក់ៗមានប្រាក់ចំណូលប្រចាំឆ្នាំ១០៧ ៧៥៨ដុល្លារអាម៉េរិក។ នេះបើតាមប្រភពពី Wikipedia៕




