ស្រូវជាង២ម៉ឺន៥ពាន់ហិកតានៅខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធរអន្តរាគមន៍បូមទឹកសង្រ្គោះ
S
Soriya Sou
07 កញ្ញា 2026 05:30 PM

ក្រុងច្បារមន៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះថា ស្រូវវស្សាប្រមាណជាង២ម៉ឺន៥ពាន់ហិកតា របស់បងប្អូនប្រជាកសិករក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលប្រឈមនឹងការខូចខាតដោយសារគ្រោះរាំងស្ងួត(កូនរដូវប្រាំងក្នុងរដូវវស្សា) កំពុងត្រូវបានអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍បូមទឹកជួយសង្រ្គោះដីស្រែទាំងនោះហើយ…។

លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន និងភូមិកណ្ដោលផើម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមការបញ្ជាក់របស់ក្រសួងធនធានទឹក គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារនៃមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ បានអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋបានប្រមាណ១៤២៨៥ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកកម្លាំង៦៥សេះ ស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការកាយបើកបង្ហូរផ្លូវទឹកតាមប្រឡាយមេ។ បច្ចុប្បន្ន ក្រុមការងារពាក់ព័ន្ធកំពុងបន្តអន្តរាគមន៍បូមទឹកសង្គ្រោះផ្ទៃដី បង្កបង្កើនផលស្រូវប្រមាណ១១៨៩៨ហិកតាទៀត។

យោងតាមរបាយការណ៍ពីលោក យឹម ណន ប្រធានកសិកម្មខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗ បានបង្ហាញថា កូនរដូវប្រាំងដំណាក់កាលទី២ និងបាតុភូតអេនីញូ បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវប្រជាពលរដ្ឋ៨ក្រុង/ស្រុក។ ក្នុងនោះ ៥ក្រុង/ស្រុក គឺសង្គ្រោះបានទាំងស្រុង រួមមាន៖ ស្រុកសំរោងទងជាង២ម៉ឺន៤ពាន់ហិកតា, ក្រុងច្បារមនជាង៩រយហិកតា, ស្រុកបសេដ្ឋជាង៤ពាន់៥រយហិកតា, ស្រុកគងពិសីជាង៧ពាន់៣រយហិកតា, ស្រុកឱរ៉ាល់ជិត៨រយហិកតា។ ដោយឡែក ចំពោះស្រុកថ្ពង, ក្រុងឧដុង្គម៉ែជ័យ, និងស្រុកសាមគ្គីមុនីជ័យ អាជ្ញាធរអាចជួយសង្គ្រោះបានតែមួយចំនួនប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត