
អន្តរខេត្ត៖ ស្រូវដែលបានរងផលប៉ះពាល់ក្នុងខេត្តចំនួន២ គឺបាត់ដំបង និងពោធិ៍សាត់ ត្រូវបានស្តារឱ្យរស់រវើកឡើងវិញប្រមាណជាង៦០ភាគរយ ក្រោយពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានអន្តរាគមន៍បូមទឹកសង្គ្រោះ បូកផ្សំនឹងកត្តាអាកាសធាតុ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦...។

ក្រសួងកសិកម្ម បានឱ្យដឹងថា កាលពីថ្ងៃទី០៦-៧សីហា លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យផ្ទាល់ពីស្ថានភាពដំណាំស្រូវ ក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង និងស្រុកបាកាន ព្រមទាំងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីវាយតម្លៃលើលទ្ធផលជាក់ស្តែង បន្ទាប់ពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការអន្តរាគមន៍បូមទឹកសង្គ្រោះជាបន្តបន្ទាប់ ស្របពេលមានរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបន្ថែមនាពេលកន្លងមក។ ជាលទ្ធផល ក្រោយការពិនិត្យលើទីវាលជាក់ស្ដែង ឃើញថា ការស្តារឡើងវិញនូវផ្ទៃដីស្រូវដែលទទួលរងផលប៉ះពាល់កន្លងមក បាននិងកំពុងលូតលាស់ រស់រវើកឡើងវិញប្រមាណជាង៦០ភាគរយ នៃផ្ទៃដីសរុប។ ដោយឡែក ចំពោះផ្ទៃដីស្រូវដែលរងការខូចខាតទាំងស្រុង គឺដោយសារទីតាំងស្រែស្ថិតនៅឆ្ងាយពីប្រភពទឹក ដែលជាហេតុធ្វើឱ្យអាជ្ញាធរមិនអាចអន្តរាគមន៍បូមទឹកសង្គ្រោះបានទាន់ពេលវេលា។

យ៉ាងណា តាមរយៈការអន្តរាគមន៍ពីក្រសួងកសិកម្ម ក្រសួងធនធានទឹក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធ ស្រូវនៅតាមតំបន់មួយចំនួនត្រូវបានប្រជាកសិកររៀបចំស្តារ និងដាំដុះឡើងវិញជាបណ្តើរៗហើយ។ ដោយឡែក ចំពោះតំបន់មួយចំនួនទៀតដែលខកខាន នឹងត្រូវរង់ចាំរហូតដល់ចុងរដូវវស្សា ទើបអាចចាប់ផ្តើមបង្កបង្កើនផលឡើងវិញ ជាថ្មីម្ដងទៀត៕





