ដំណាំស្រូវក្នុងស្រុកបាកាន, កណ្ដៀង និងក្រុងពោធិ៍សាត់ ត្រូវបានសង្រ្គោះក្រោយអាជ្ញាធរបើកទ្វារទំនប់ទឹកខាងលើ រួមផ្សំកត្តាអាកាសធាតុ
S
Soriya Sou
11 ម៉ោងមុន

ក្រុងពោធិ៍សាត់៖ បន្ទាប់ពីរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ពេលនេះដំណាំស្រូវប្រជាកសិករដែលកំពុងរងផលប៉ះពាល់ខ្លាំងក្នុងស្រុកបាកាន ស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់ ត្រូវបានសង្រ្គោះហើយ…។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានប្រកាសដំណឹងនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៣០កក្កដា ឆ្នាំ២០២៦ ដោយបានប្រាប់ឱ្យប្រជាកសិករដែលខូចខាតផលស្រូវទាំងស្រុង សូមសហការជាមួយអាជ្ញាធរ ដើម្បីស្នើសុំស្រូវពូជពីរាជរដ្ឋាភិបាល ដើម្បីស្ដារ និងបង្កបង្កើនផលឡើងវិញ។ លោក សួង សារ៉ាវុធ នាយករដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន ​ SBM News នារសៀលថ្ងៃដដែលនេះថា ដំណាំស្រូវក្នុងក្រុង-ស្រុកចំនួន៣ រងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន៖ ក្រុងពោធិ៍សាត់ ស្រុកបាកាន និងស្រុកកណ្ដៀង ត្រូវបានសង្រ្គោះ ក្រោយមានបញ្ជាពីលោកអភិបាលខេត្ត ខូយ រីដា ឱ្យ​បើកទ្វារទំនប់ស្ទាក់ទឹកខាងលើ (ទំនប់ទី៣ និងទី៥) បូករួមជាមួយកត្តាអាកាសធាតុដោយមានភ្លៀងធ្លាក់បន្ថែមប៉ុន្មានថ្ងៃជាប់គ្នាផង។ លោកបញ្ជាក់ដូច្នេះថា៖«គាត់ឱ្យបើកទឹកនឹងឱ្យអស់ ប៉ុន្តែយើងបើកមិនទាន់អស់ផង ក៏មានភ្លៀងធ្លាក់មក ឥឡូវយើងបានបង្ហើបទឹកនេះសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋនៅផ្នែកខាងក្រោមៗទៀត»។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីមន្ទីរធនធានទឹក ចុះពិនិត្យមើលស្ថានភាពទឹកតាមដងស្ទឹង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីមន្ទីរធនធានទឹក ចុះពិនិត្យមើលស្ថានភាពទឹកតាមដងស្ទឹង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ជុំវិញផលប៉ះពាល់ដំណាំស្រូវសរុបនៅក្នុងខេត្តពោធិ៍សាត់ មានប៉ុន្មានហិកតា មុនទទួលបានការសង្រ្គោះ លោក សួង សារ៉ាវុធ មិនទាន់អាចបញ្ជាក់បានទេ។ ប៉ុន្តែគេនៅចាំបានថា កាលពីថ្ងៃទី២៥កក្កដាកន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានបង្ហាញរបាយការណ៍មួយ គឺគ្រាន់តែស្រុកបាកាន មានដំណាំស្រូវប្រមាណ២០០០០ហិកតា បានរងផលប៉ះពាល់ប្រឈមនឹងការខូចខាត ដោយសារបញ្ហាគ្រោះរាំងស្ងួត។ បច្ចុប្បន្ន រដ្ឋបាលខេត្តពោធិ៍សាត់ បាននិងកំពុងអន្តរាគមន៍ និងបែងចែកទឹកតាមគោលដៅប្រឈមនានាឱ្យអស់ពីលទ្ធភាព ដើម្បីធានាដល់តម្រូវការរបស់ប្រជាពលរដ្ឋ។ ដោយឡែក មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏បានអំពាវនាវ និងផ្តាំផ្ញើដល់បងប្អូនកសិករទាំងអស់ ឱ្យប្រើប្រាស់ទឹកប្រកបដោយការយោគយល់គ្នា សន្សំសំចៃ ចែករំលែកគ្នា ព្រមទាំងរក្សាភាពសមធម៌ និងតម្លាភាពរវាងកសិករ និងកសិករផងដែរ៕

លោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ 
លោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត