
ក្រុងប៉ោយប៉ែត៖ មន្រ្តីកសិកម្ម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានចុះសម្របសម្រួលប្រមូលទិញស្រូវរបស់ប្រជាកសិករនៅឃុំរហាល ឃុំទៀនកាំ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល ម្ចាស់រោងម៉ាស៊ីនជាច្រើនបានទិញស្រូវប្រជាកសិករប្រមាណ៣៦០តោន…។

មន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា តាមរយៈការចុះពិនិត្យស្ថានភាពប្រមូលផលស្រូវជាក់ស្តែង លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារ បានទូរសព្ទទាក់ទងជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្តាខេត្តនានា ដើម្បីវាយតម្លៃតម្រូវការ និងចរចាតម្លៃស្រូវទិញ-ចូល សម្រាប់កិនកែច្នៃជាអង្ករ។ លើសពីនេះ ក្រុមការងារក៏បានជួយសម្របសម្រួលទូរសព្ទទាក់ទងជាមួយម្ចាស់រថយន្តស៊ីឈ្នួលដឹកជញ្ជូនស្រូវទៅកាន់រោងម៉ាស៊ីន ដើម្បីផ្សារភ្ជាប់រវាងកសិករអ្នកផលិត អ្នកដឹកជញ្ជូនទៅម្ចាស់រោងម៉ាស៊ីន សំដៅជួយលើកតម្លៃស្រូវល្អប្រសើរ។

ជាមួយគ្នា លោក ងិន ឆាយ បានផ្តាំទៅប្រជាកសិករ ត្រូវច្រូតស្រូវដែលមានអាយុកាលពេញលេញ ជៀសវាងការច្រូតស្រូវអាយុកាលនៅខ្ចី ធ្វើឱ្យធ្លាក់ចុះគុណភាព។ មួយវិញទៀត ប្រជាកសិករពុំគួរសម្រុកប្រមូលផលក្នុងពេលតែមួយច្រើនលើសពីតម្រូវការរបស់រោងម៉ាស៊ីន ដែលបានព្រមព្រៀងទទួលទិញនៅក្នុងតំបន់របស់ខ្លួននោះទេ ព្រោះវាអាចធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះ ដោយសារសមត្ថភាពប្រមូលទិញរបស់រោងម៉ាស៊ីន ពុំឆ្លើយតបនឹងបរិមាណផលស្រូវដែលកំពុងប្រមូល៕




