ដំណាំស្រូវលើផ្ទៃដីជាង២ម៉ឺនហិកតា ក្នុងស្រុកបាកាន កំពុងរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត
S
Soriya Sou
19 ម៉ោងមុន

ក្រុងពោធិ៍សាត់៖ ដំណាំស្រូវរបស់ប្រជាកសិករលើផ្ទៃដីប្រមាណ២០០០០ហិកតា ស្ថិតក្នុងស្រុបាកាន ខេត្តពោធិ៍សាត់ កំពុងរងផលប៉ះពាល់ប្រឈមនឹងការខូចខាត ដោយសារបញ្ហាគ្រោះរាំងស្ងួត។ នេះបើតាមរបាយការណ៍បញ្ជាក់ដោយមន្រ្តីរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦...។

ក្នុងនោះ ឃុំនៅក្នុងស្រុកបាកាន ដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន៖ ឃុំមេទឹក, ឃុំអូរតាប៉ោង, ឃុំស្វាយដូនកែវ, ឃុំបឹងខ្នារ, រួមទាំងឃុំមួយចំនួនទៀត នៅក្នុងចំណោមស្រុក-ក្រុងទាំង ៧ នៃខេត្តពោធិ៍សាត់។ ចំពោះមុខបញ្ហានេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ និងបានបញ្ជាការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ស្ថិតក្នុងឃុំមេទឹក និងឃុំមួយចំនួនទៀត ក្នុងស្រុកបាកាន។ ក្នុងពេលជាមួយគ្នា លោកក៏បានបន្តចុះពិនិត្យស្ថានភាពទឹកទំនប់ទី៣ ស្ថិតនៅឃុំសំរោង និងទំនប់ទី៥ ស្ថិតនៅឃុំរកាត ស្រុកភ្នំក្រវាញ ផងដែរ។

ក្នុងឱកាសចុះពិនិត្យ លោក ខូយ វីដា បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ញាប់ដៃញាប់ជើងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្វែរប្រភពទឹកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជៀសវាងការខូចខាតផលដំណាំ។ លោកអភិបាលខេត្ត ក៏បានអំពាវនាវ និងប្រគល់ភារកិច្ចជូនអាជ្ញាធរភូមិ-ឃុំ ឱ្យបន្តតាមដានស្ថានភាពទឹកជាប្រចាំ និងជួយសម្របសម្រួលការបែងចែកទឹកប្រើប្រាស់ឱ្យបានស្មើភាពគ្នា ដើម្បីធានាថាស្រែរបស់ប្រជាកសិករដែលកំពុងប្រឈមខ្វះខាតទឹកទាំងអស់ ទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត