យុទ្ធសាស្រ្ដដ្រូនកំណាចអាម៉េរិកផ្ដល់ឱ្យកោះតៃវ៉ាន់ កំពុងបំភ័យមហាយក្សចិន
S
Sinuon Nop
38 នាទីមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្វីដ្បិតរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន មិនទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងតៃប៉ិ យ៉ាងណាក្ដី ប៉ុន្ដែសហរដ្ឋអាម៉េរិក បានប្រកាសយ៉ាងដាច់អហង្កា​ ចំពោះការផ្លាស់ប្ដូរស្ថានការណ៍បច្ចុប្បន្ន នៅច្រកសមុទ្ទតៃវ៉ាន់ និងតំបន់ជុំវិញ ហើយថែមទាំង​ផ្ដល់គ្រឿងសព្វាវុធទំនើបៗ ទៅឱ្យមេដឹកនាំដែនកោះមួយនេះទៀតផង ធ្វើឱ្យមហាយក្សចិន បង្ហាញការព្រួយបារម្ភ អំពីសកម្មភាពរបស់ប្រទេសអមិត្ត ដែលជាមហាអំណាចកំពូលទាំងសេដ្ឋកិច្ច និងយោធាមួយនេះជាយ៉ាងខ្លាំង...។

សារព័ត៌មាន Taiwan News បានចេញផ្សាយនៅរសៀលថ្ងៃចន្ទទី៧ ខែកញ្ញានេះថា លោក អ៊ាន អ៊ីស្ដុន​ (Ian Easton)​ សាស្ត្រាចារ្យរងនៃ​វិទ្យាស្ថានសិក្សាដែនសមុទ្ទចិន (CMSI) នៃកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានលើកឡើងនៅក្នុងរបាយការណ៍មួយ ថា រដ្ឋាភិបាលរដ្ឋធានីប៉េកាំង មានការព្រួយបារម្ភ អំពីយុទ្ធសាស្ត្រប្រើប្រាស់ហ្វូងយន្តហោះគ្មានមនុស្សបើក ឬដ្រូនដ៏កំណាច​របស់សហរដ្ឋអាម៉េរិក ដែលគេហៅថា​ «ឋាននរក​» ​សម្រាប់ការពារកោះតៃវ៉ាន់ នៅក្នុងករណីមានការឈ្លានពាន ប៉ុន្តែគេជឿថា យុទ្ធសាស្ត្រនេះ នៅតែមិនទាន់ក្លាយជាការពិតនៅឡើយទេ​។

អ្នកជំនាញរូបនេះ បញ្ជាក់បន្ថែមថា បញ្ជាការដ្ឋានប្រចាំនៅតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក បានប្រើប្រាស់ពាក្យ«Hellscape»ជាលើកដំបូង ចាប់តាំងពី​​ខែសីហា ឆ្នាំ២០២៣រហូតមក ដើម្បីពណ៌នាអំពីទម្រង់​ជម្លោះដែលអាចនឹងកើតឡើងនៅច្រកសមុទ្ទតៃវ៉ាន់ នាពេលអនាគត។ ទន្ទឹមគ្នានេះ បញ្ជាការដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ដដែល ក៏បានប្រកាសអំពីគំនិតផ្តួចផ្តើម«Replicator» ដែលមានគោលបំណងដាក់ពង្រាយហ្វូងយន្តហោះគ្មានមនុស្សបើក ឬដ្រូនរាប់ពាន់គ្រឿងយ៉ាងឆាប់រហ័ស ដើម្បីអាចបង្កើតយុទ្ធសាស្ត្រដ៏គួរឱ្យភ័យខ្លាច​នេះ ក្លាយជាការពិត។​

បើតា​មរបាយការណ៍មួយ ចុះ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ មេបញ្ជាការ​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (PACOM) លោកឧត្តមនាវីឯក សាំយូអែល ប៉ាប៉ា​រ៉ូ (Samuel Paparo) បានពិពណ៌នាអំពីយុទ្ធសាស្ត្រ«ឋាននរក​ ឬhellscape strategy» ថា ជាការប្រើប្រាស់ហ្វូងអាវុធគ្មានមនុស្សបើកយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់​វាយប្រហារកម្ទេចកងកម្លាំងរំដោះប្រជាជនចិន។ មេបញ្ជាការប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រូបនេះ បញ្ជាក់​ថា៖«ខ្ញុំចង់ប្រែក្លាយច្រកសមុទ្ទតៃវ៉ាន់ ទៅជាតំបន់ឋាននរក​ ពោរពេញដោយហ្វូងអាវុធដ្រូន ដោយប្រើប្រាស់សមត្ថភាពសម្ងាត់មួយចំនួន ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេ ប្រឈមនឹង​ការលំបាកយ៉ាងវេទនាបំផុត ត្រឹមតែ​រយៈពេលមួយខែ។ ហ្វូងដ្រូនទាំងនោះ​ នឹងផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់ខ្ញុំ នៅក្នុងការអនុវត្តផែនការផ្សេងៗទៀត»។​

ដោយឡែក លោកវរសេនីយ៍ អ៊ូ ចៀន (Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិចិន បានបញ្ជាក់ថា៖«​កងទ័ព​អាម៉េរិកាំងមួយចំនួន» ចង់ប្រើប្រាស់កោះតៃវ៉ាន់ ដើម្បីទប់ទល់ចិន និងបញ្ជូនហ្វូងយន្តហោះគ្មានមនុស្សបើក ឬដ្រូន​យ៉ាងច្រើនសន្ធឹកសន្ធាប់ ចូលទៅក្នុងច្រកសមុទ្ទតៃវ៉ាន់ ដោយលោកបានហៅសកម្មភាពទាំងនោះថា ជា«ការឆ្កួតលីលាបំផុត»។ ​ប៉ុន្ដែនៅទីបំផុត សហរដ្ឋអាម៉េរិក អាចនឹងបោះបង់ចោលកោះតៃវ៉ាន់។បើតាមលោក អ៊ីស្ដុន បានឱ្យដឹងថា លោក​ រ៉ែន ហ្គួចេង (Ren Guozheng) ​មន្រ្ដីជំនាញផ្នែកកិច្ចការកោះតៃវ៉ាន់ នៃ​វិទ្យាស្ថានវិទ្យាសាស្ត្រយោធារបស់កងទ័ពរំដោះប្រជាជនចិន (PLA) បានសរសេរថា យុទ្ធសាស្ត្រ«ឋាននរក​» ​គឺការប្រែក្លាយសមរភូមិទៅជាឋាននរក ហើយវាជាផ្នែកមួយនៃសង្គ្រាមតាមយល់ឃើញ​របស់សហរដ្ឋអាម៉េរិក និង​កំពុងព្យាយាមបំភិតបំភ័យដល់ប្រទេសចិន តាមរយៈផែនការ និងប្រតិបត្តិការទាំងនោះ។​

ទោះបីជា​ការឃោសនារបស់ចិន ច្រានចោលយុទ្ធសាស្ត្រឋាននរកយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកជំនាញយោធាចិនជាច្រើន កំពុងយកចិត្តទុកដាក់ និងគោរពគំនិតជាមូលដ្ឋានរបស់ខ្លួន នៅក្នុងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូន ដែលមានតម្លៃថោកជាច្រើន ដោយមើលឃើញថា វាមានសារសំខាន់សម្រាប់សង្គ្រាម នាពេលអនាគត។​ បើតាមទស្សនាវដ្តីយោធាចិន ​បានចាត់ទុកផែនការយុទ្ធសាស្រ្ដឋាននរករបស់សហរដ្ឋអាម៉េរិកថា ជា​«ការគំរាមកំហែង» ហើយបានលើកឡើងថា អាវុធឡាស៊ែរ​បំពាក់នៅលើនាវា អាចជាវិធានការតបតដ៏មានសក្តានុពល ចំពោះហ្វូងនាវាដ្រូន និងយានហោះគ្មានមនុស្សបើក។

​មីស៊ីលរបស់មហាយក្សចិន មានដូចជា Hongqi-9 និង Hongqi-16 មានតម្លៃថ្លៃពេក ខណៈ​ការបាញ់អាវុធឡាស៊ែរ ប្រភេទ Solid-state ម្ដងៗ មានតម្លៃត្រឹមតែប៉ុន្មានពាន់យន់ប៉ុណ្ណោះ។ លើសពីនេះទៅទៀត អាវុធឡាស៊ែរ មិនមានកម្រិតកំណត់ ហើយវាមានល្បឿនលឿន និងភាពត្រឹមត្រូវខ្ពស់ជាង។ អាវុធឡាស៊ែរ ​ក៏អាចកម្ទេចមីស៊ីលប្រឆាំងនឹងនាវា ដែលធន់នឹងការរំខានសញ្ញាអេឡិកត្រូនិក (electronic jamming) បាន​ថែមទៀតផង៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត