
រដ្ឋធានីវ៉ាស៊ីនតោន៖ យន្តហោះដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Amazon Air បានចុះចតហើយហោះហើរហួសពីផ្លូវរត់ ជ្រុលទៅបុកយានយន្ដ នៅអាកាសយានដ្ឋានអន្តរជាតិ Miami (ម៉ៃអាមី) ស្ថិតក្នុងរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក បណ្ដាលឱ្យមនុស្ស៥នាក់បាត់បង់ជីវិត និង៥នាក់ទៀតរងរបួសធ្ងន់។ នេះបើតាមបណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទទី៧ ខែកញ្ញា...។

យន្តហោះដឹកទំនិញ ប្រភេទ Boeing 767-300 មួយគ្រឿងនេះ បានចុះចតនៅវេលាជិតម៉ោង២រសៀល (ម៉ោងក្នុងតំបន់ ឬម៉ោង៧យប់ម៉ោងសកល) បន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិល្វីសមូញ៉ូស ម៉ារីន (Luis Muñoz Marín) ស្ថិតក្នុងទីក្រុងសានជួន (San Juan) នៃតំបន់ Puerto Rico។ យន្តហោះមួយគ្រឿងនេះ ក៏បានបុកយានយន្តមួយចំនួននៅលើដីដែលកំពុងចត និងឈប់នៅក្បែរអាកាសយានដ្ឋាន។ ក្រុមហ៊ុន Amazon បញ្ជាក់ ថា ខ្លួនកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងមន្ត្រីមូលដ្ឋាន ដើម្បីឈ្វេងយល់ឱ្យបានច្បាស់លាស់ អំពីហេតុការណ៍ដែលបានកើតឡើង។ រាល់ជើងហោះហើរត្រូវបានបញ្ជាឱ្យផ្អាកដំណើរការ ដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ខណៈក្រុមពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដែលមានផ្សែងហុយចេញពីយន្តហោះ។ ហេតុការណ៍យន្តហោះនេះ កើតឡើងនៅចុងសប្តាហ៍នៃថ្ងៃឈប់សម្រាក ដែលជាពេលវេលាដ៏មមាញឹកបំផុតមួយ សម្រាប់ការធ្វើដំណើរប្រចាំឆ្នាំ។

លោកស្រី ដានីញ៉ែលឡា ឡេវីន កាវ៉ា (Daniella Levine Cava) ចៅហ្វាយក្រុង Miami-Dade បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃអាទិត្យថា៖«មនុស្សយ៉ាងហោចណាស់៥នាក់ បានបាត់បង់ជីវិត និង៥នាក់ទៀតបានរងរបួស។ រីឯក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីយន្តហោះមួយគ្រឿងនេះធ្លាក់ចេញពីផ្លូវរត់របស់ខ្លួន។ រីឯការយកចិត្តទុកដាក់ គឺផ្តោតទៅលើក្រុមគ្រួសារ អ្នករងរបួស និងប្រតិបត្តិការឆ្លើយតប ដែលកំពុងបន្តធ្វើ»។ លោក រ៉ៃអេដ ចាដាលឡាហ៍ (Raied Jadallah) ប្រធានក្រុមពន្លត់អគ្គិភ័យទីក្រុងម៉ៃអាមី ( Miami) បញ្ជាក់ថា ក្នុងចំណោមមនុស្ស៥នាក់ដែលរងរបួសនោះ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ុន្ដែលោកស្រីចៅហ្វាយក្រុង ប្រាប់ថា ពួកគេទាំងអស់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច កំពុងតែស៊ើបអង្កេតលើករណីនេះ៕



