
រាជធានីបាងកក៖ រាជរដ្ឋាភិបាលថៃ ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត២៥០០០នាក់បន្ថែមទៀត សម្រាប់ចូលបម្រើកងទ័ពពីឆ្នាំ២០២៧ទៅ ដោយទទួលបានប្រាក់ឧបត្ថម្ភ១៥០០០បាត ឬខ្ទង់៤៥០ដុល្លារក្នុង១ខែ។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ។ ការទទួលពាក្យចូលបម្រើកងទ័ពស្ម័គ្រចិត្ត នឹងចាប់ផ្តើមបើកពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៧។

ក្នុងចំណោមកងទ័ពស្ម័គ្រចិត្តថ្មីប្រមាណ២៥០០០នាក់ ដែលនឹងត្រូវជ្រើសរើសនេះ មានកងទ័ពជើងគោកជាង១៨៧០០នាក់ កងទ័ពជើងទឹកជាង៣៤០០នាក់ កងទ័ពជើងអាកាសជាង២១០០នាក់ និងកងកម្លាំងផ្នែកផ្សេងៗទៀត ជាង៥៤០នាក់។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិថៃ នឹងបន្តរើសកងទ័ពស្ម័គ្រចិត្តនៅឆ្នាំក្រោយៗទៀត។ រាជរដ្ឋាភិបាលថៃ កំណត់កិច្ចសន្យានៃការចូលបម្រើកងទ័ពស្ម័គ្រចិត្តនេះ មានរយៈពេល៤ឆ្នាំ ហើយអាចបន្តរយៈពេល៤ឆ្នាំទៀត សរុបអាចបាន៨ឆ្នាំ។ ក្រៅពីប្រាក់ប្រចាំខែ កងទ័ពស្ម័គ្រចិត្ត ក៏ទទួលបានថ្នាំសង្កូវ និងសេវាធានារ៉ាប់រងជីវិតផងដែរ។ ពួកគេ ត្រូវឆ្លងកាត់ការហ្វឺកហ្វឺនតាមបែបយោធា និងការអប់រំផ្សេងៗ។

មិនត្រឹមតែបង្កើនកងទ័ពនោះទេ ថៃក៏ប្រឹងព្យាយាមរកទិញអាវុធទំនើបៗ និងសាហាវៗបន្ថែមផងដែរ ដូចជា យន្តហោះចម្បាំង និងមីស៊ីលជាដើម ស្របពេលប្រទេសនេះ នៅតែបន្តរំលោភបំពានទឹកដីកម្ពុជានៅតាមព្រំដែន។ ថ្មីៗនេះ ទើបនឹងលេចធ្លាយព័ត៌មានថា ថៃចង់ទិញមីស៊ីល BrahMos របស់ឥណ្ឌា និងមីស៊ីល Himars របស់សហរដ្ឋអាម៉េរិក។ ចាប់តាំងពីមានសង្គ្រាមជាមួយគ្នាមក កម្ពុជា-ថៃ ក៏ចាប់ផ្តើមពង្រឹងវិស័យយោធាបន្ថែមរៀងៗខ្លួន តែខុសត្រង់ថា កម្ពុជា ពង្រឹងខ្លួនដើម្បីការពារពីការឈ្លានពាន ឯថៃ ប្រឹងទិញអាវុធ និងបង្កើនចំនួនកងទ័ព ដើម្បីធ្វើសកម្មភាពបង្កបញ្ហាតាមបំពាន។ ជាក់ស្តែង ការផ្ទុះសង្គ្រាម២លើកក្នុងអំឡុងឆ្នាំ២០២៥ គឺថៃជាភាគីចាប់ផ្តើមមុន ខណៈកម្ពុជា ជាភាគីការពារខ្លួនប៉ុណ្ណោះ៕





