បន្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី ព្រួសផេះជាង១៥គីឡូម៉ែត្រ ធ្វើឱ្យអ្នកដំណើរ១៧ម៉ឺននាក់ជាប់គាំង
ហៀប ស៊ីថេត
3 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ ភ្នំភ្លើងអាណាក់ ក្រាកាតាវ (Anak Krakatau) ស្ថិតក្នុងច្រកសមុទ្ទសាន់ដា (Sunda) នៃប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងយ៉ាងខ្លាំងក្លា កាលពីថ្ងៃអាទិត្យទី៦ ខែកញ្ញា ដោយបានព្រួសផ្សែង និងជះផេះទៅលើអាកាស ក្នុងកម្ពស់រហូតដល់១៥២០០ម៉ែត្រ។ ថ្វីបើគ្មានរបាយការណ៍អំពីអ្នករងគ្រោះថ្នាក់ជីវិត ឬការបញ្ជាឱ្យជម្លៀសប្រជាជនក៏ដោយ ប៉ុន្តែអាជ្ញាធរបានហាមឃាត់មិនឱ្យនរណាម្នាក់ ចូលជិតរណ្ដៅភ្នំភ្លើងនោះដាច់ខាត...។

ជុំវិញបន្ទុះភ្នំភ្លើងនេះ អាកាសយានដ្ឋានចំនួន៨ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន រួមទាំងអាកាសយានដ្ឋានអន្តរជាតិសូកាណូហាតា (Soekarno-Hatta) ក្នុងរដ្ឋធានីហ្សាការតា។ ជើងហោះហើរជាង១៥០០ជើងត្រូវបានលុបចោល និងធ្វើឱ្យអ្នកដំណើរប្រមាណ១៧ម៉ឺននាក់ត្រូវបានជាប់គាំង។ ជាងនេះទៅទៀត រដ្ឋាភិបាលបានអនុញ្ញាតឱ្យសាលារៀននៅតំបន់រងផលប៉ះពាល់ផ្លាស់ប្ដូរទៅរៀនតាមប្រព័ន្ធអនឡាញបណ្ដោះអាសន្ន ដើម្បីការពារសុខភាពសិស្សពីផេះភ្នំភ្លើង។ ភ្នាក់ងារភូគព្ភសាស្ត្របានបញ្ជាក់ថា សកម្មភាពម៉ាកម៉ានៅតែបន្តក្អែរចេញមកក្រៅខ្លាំង ចាប់តាំងពីខែកក្កដា ហើយអាជ្ញាធរកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់បំផុត។

រូបភាពពីផ្កាយរណបបានបង្ហាញពីពពកនៃផេះភ្នំភ្លើងចំនួន២ដុំធំៗ ដោយដុំទីមួយមានកម្ពស់៦១០០ម៉ែត្រ រសាត់ឆ្ពោះទៅរដ្ឋធានីហ្សាការតា និងពពកទី២ ហក់ឡើងដល់កម្ពស់១៥២០០ម៉ែត្រ រាលដាលលើផ្នែកខ្លះនៃកោះសូម៉ាត្រា និងមហាសមុទ្ទឥណ្ឌា។សូមរំឭកថា ភ្នំភ្លើងអាណាក់ក្រាកាតាវ នេះ ធ្លាប់បានផ្ទុះបង្កជារលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១៨ ដែលបានសម្លាប់មនុស្សអស់ជាង៤៣០នាក់ និងធ្វើឱ្យកោះភ្នំភ្លើងនេះស្រុតបាក់អស់ជិត៣ភាគ៤នៃទំហំដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត