ចិន-ឥណ្ឌា បើកទំព័រចរចាវិវាទព្រំដែនជាថ្មី ថ្វីបើជម្លោះប្រវត្តិសាស្ត្រនៅតែជាឆ្អឹងទទឹង-ក
ហៀប ស៊ីថេត
មួយម៉ោងមុន

រដ្ឋធានីប៉េកាំង៖ នៅក្នុងបរិបទ នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាវ ប្រទេសចិន និងឥណ្ឌា ដែលជាមហាអំណាចនុយក្លេអ៊ែរ និងជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក បានព្រមព្រៀងគ្នា កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ក្នុងការបន្តកិច្ចពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ សមហេតុផល និងអាចទទួលយកបានទាំងសងខាង ជុំវិញវិបត្តិព្រំដែនដ៏រ៉ាំរ៉ៃ បន្ទាប់ពីមន្ត្រីការទូតជាន់ខ្ពស់ នៃប្រទេសទាំង២ បានជួបមុខគ្នា នៅរដ្ឋធានីប៉េកាំង។

ប្រទេសទាំង២ មានខ្សែបន្ទាត់ព្រំដែន នៅជួរភ្នំហិមាល័យ ប្រវែងប្រមាណ ៣៨០០គីឡូម៉ែត្រ ដែលភាគច្រើន មិនទាន់បានខណ្ឌសីមាច្បាស់លាស់ និងជាប្រភព នៃភាពតានតឹងយោធាជាញឹកញាប់។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក អាជីត ដូវ៉ាល់ (Ajit Doval) បានជជែកគ្នាយ៉ាងស៊ីជម្រៅ និងត្រង់ទៅត្រង់មក អំពីកិច្ចការព្រំដែន និងទំនាក់ទំនងទ្វេភាគី។ នៅក្នុងជំនួបនោះ លោក វ៉ាង យី បានផ្ញើសារនយោបាយធ្ងន់ៗថា ទំនាក់ទំនង រវាងចិន និងឥណ្ឌា មិនមែនត្រឹមតែជាកិច្ចការទ្វេភាគីធម្មតានោះទេ ប៉ុន្តែវាផ្តល់ឥទ្ធិពលយុទ្ធសាស្ត្រ និងទម្ងន់នយោបាយកម្រិតសកល។ អ្នកចម្បាំងចចកការទូតចិនរូបនេះ បានសង្កត់ធ្ងន់ថា៖«ភាគីទាំង២ ត្រូវរៀនសូត្រពីបទពិសោធប្រវត្តិសាស្ត្រ ដកស្រង់មេរៀន ហើយដាក់បញ្ហាព្រំដែន នៅចំណុចមួយដែលសមរម្យ នៃទំនាក់ទំនងទ្វេភាគី ដោយត្រូវបោះជំហានទៅមុខជាប្រចាំ មិនត្រូវឱ្យមានការកកស្ទះ ថយក្រោយ ឬងាករេចេញពីផ្លូវដើរឡើយ»

លោក អាជីត ដូវ៉ាល់ (ឆ្វេង) និងលោក វ៉ាង យី
លោក អាជីត ដូវ៉ាល់ (ឆ្វេង) និងលោក វ៉ាង យី

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសចិន ក៏បានអះអាងនៅលើបណ្តាញសង្គម X ​ថា ភាគីទាំង២ បានពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគី ព្រមទាំងពិភាក្សា អំពីវិធីសាស្ដ្រពង្រីកកិច្ចសហប្រតិបត្តិការ និងការរក្សាស្ថិរភាព ព្រមទាំងសន្តិភាព នៅតាមតំបន់ព្រំដែន។ ទោះបីជាទំនាក់ទំនង រវាងរដ្ឋធានីប៉េកាំង និងញូវដេលី បានបង្ហាញសញ្ញាធូរស្បើយបន្តិចម្ដងៗ បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាម នៅតំបន់ព្រំដែន កាលពីឆ្នាំ២០២០ ដែលបានបង្កឱ្យមានការប្រឈមមុខដាក់គ្នា រវាងយោធា រយៈពេល៤ឆ្នាំ ក៏ដោយ ប៉ុន្តែភាពរកាំរកូសថ្មីៗ នៅតែបន្តកើតមានឡើងជាញឹកញាប់ និងបង្កឱ្យមានការឆ្លើយឆ្លងសារការទូតយ៉ាងក្ដៅគគុក។ សូមជម្រាបថា ដើម្បីបង្ហាញពីឆន្ទៈក្នុងការដោះស្រាយជម្លោះ ភាគីទាំង២ បានព្រមព្រៀងគ្នារៀបចំជំនួបពិភាក្សា អំពីបញ្ហាព្រំដែនជុំបន្ទាប់ទៀត នៅលើទឹកដីឥណ្ឌា នៅក្នុងឆ្នាំ២០២៧៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត