ហេតុអ្វីឥណ្ឌាសុខចិត្តប្រគល់រូបមន្តផលិតមីស៊ីល ឱ្យក្រុមហ៊ុនឯកជន...?
ហៀប ស៊ីថេត
មួយថ្ងៃមុន

រដ្ឋធានីញ៉ូដេលី៖ ឥណ្ឌាបានឈានជើងចូលទៅក្នុងចំណុចរបត់ប្រវត្តិសាស្ត្រ និងនយោបាយយោធាដ៏ស្រួចស្រាវ តាមរយៈការបើកទ្វារអាថ៌កម្បាំងបំផុតនៃឧស្សាហកម្មយោធារបស់ខ្លួន ដោយអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនក្នុងស្រុក អាចកាន់កាប់បច្ចេកវិទ្យា និងផលិតប្រព័ន្ធមីស៊ីលប្រយុទ្ធធុនធ្ងន់ជាលើកដំបូង...។

រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក រជ្ជណាត សិង្ហ (Rajnath Singh) បានប្រកាសផ្ទេរបច្ចេកវិទ្យាមីស៊ីលស ដែលអភិវឌ្ឍដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិរដ្ឋ ទៅឱ្យក្រុមហ៊ុនឯកជន។ ការផ្លាស់ប្ដូរនេះ មានគោលដៅបញ្ចប់សិទ្ធិផ្តាច់មុខរាប់ទសវត្សរ៍របស់ក្រុមហ៊ុនរដ្ឋ ដើម្បីពង្រីកសក្តានុពលយោធា និងបង្កើតបណ្តាញផលិតកម្មអាវុធយក្ស ឆ្លើយតបនឹងការកើនឡើងនៃសង្គ្រាមក្នុងតំបន់ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយពិភពលោក។

 លោក រជ្ជណាត សិង្ហ
 លោក រជ្ជណាត សិង្ហ

ឥណ្ឌាមើលឃើញថា ដើម្បីទប់ទល់នឹងការគំរាមកំហែង និងបំបាក់មហិច្ឆតារបស់ស្តេចនាគរាជចិន និងជាចុតហ្មាយគំរាមប៉ាគីស្ថាន ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនេះ ត្រូវការភាពរីកចម្រើនធំធាត់ឱ្យទាន់ពេលវេលាលើឧហ្សាហកម្មយោធា។ រដ្ឋធានីញូវដេលី យល់ថា ប្រសិនបើគ្មានការចូលរួមពីក្រុមហ៊ុនឯកជនទេ​ នោះវិស័យយោធារបស់ខ្លួន មិនអាចដើរទៅមុខបានលឿនឡើយ។ ជាក់ស្តែង បទពិសោធពីសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ា ជាឧទាហរណ៍យ៉ាងប្រត្យក្សថា ស្តុកអាវុធ នឹងត្រូវរលាយសូន្យក្នុងរយៈពេលដ៏ខ្លី ប្រសិនបើផ្ទុះសង្គ្រាម ដូច្នេះ វត្តមានរបស់ក្រុមហ៊ុនឯកជន នឹងជួយជាឃ្លាំងអាវុធយុទ្ធសាស្ត្រ ដើម្បីផ្គត់ផ្គង់សមរភូមិមិនឱ្យដាច់។ សូមជម្រាបថា បច្ចុប្បន្ន ឥណ្ឌាព្យាយាមកាច់នឹមចេញពីការទិញអាវុធបរទេស ដូចជា៖ រុស្ស៊ី និងអ៊ីស្រាអែល ដោយបង្កើតសមត្ថភាពស្វ័យការពារជាតិ និងរលាស់ខ្លួនក្លាយជាប្រទេសនាំចេញអាវុធដ៏ធំមួយក្នុងលោក។  

ជុំវិញការផ្ទេរផែនការសម្ងាត់នៃបច្ចេកវិទ្យាមីស៊ីលទៅឱ្យក្រុមហ៊ុនឯកជន នឹងគ្របដណ្ដប់លើប្រព័ន្ធអាវុធបំផ្លិចបំផ្លាញកម្រិតធ្ងន់ជាច្រើន រួមមាន៖ មីស៊ីលបាញ់ពីដីទៅអាកាស, អាវុធប្រឆាំងរ៉ាដា, មីស៊ីលបាញ់ប្រហាររថក្រោះ និងមីស៊ីលតម្រង់ទិសជាដើម។ ក្រុមហ៊ុនយក្សឥណ្ឌាធំៗ ដូចជា៖ Adhani Defence, Tata Advanced Systems, និង Larsen & Toubro កំពុងចាក់លុយរាប់រយលានដុល្លារ ចូលទៅក្នុងរោងចក្រផលិតបច្ចេកវិទ្យាយោធា ដោយត្រៀមខ្លួនក្លាយជាដៃគូផលិតសព្វាវុធ ដ៏សំខាន់របស់កងទ័ពឥណ្ឌា។ ទោះបីជាមានការព្រួយបារម្ភអំពីការលួចទិន្នន័យ ឬការបែកធ្លាយការសម្ងាត់យោធាទៅក្នុងដៃសត្រូវក៏ដោយ ប៉ុន្តែអ្នកវិភាគយោធាជឿជាក់ថា រដ្ឋាភិបាលឥណ្ឌា នឹងក្តោបក្តាប់យ៉ាងរឹងមាំលើក្រុមហ៊ុនឯកជនទាំងនោះ។ ទន្ទឹមគ្នា ក្រុមហ៊ុនដែលទទួលបានសិទ្ធិ សុទ្ធសឹងជាដៃគូចាស់វស្សា ក្នុងឧស្សាហកម្មការពារជាតិ ដែលមានបទពិសោធខ្ពស់ ក្នុងការរក្សាការសម្ងាត់យោធាថ្នាក់ជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត