
ក្រុងព្រះវិហារ៖ ហ្វូងដំរីព្រៃ៦ក្បាល ដែលមានមេហ្វូងធំ៣ក្បាល បានចេញពីព្រៃមករកចំណីអាហារ និងអុកឡុកភូមិអ្នកស្រុករយៈពេលជិតមួយខែមកហើយនោះ នៅមិនទាន់វិលចូលព្រៃវិញទេ។ ជាមួយគ្នានេះ ចៅហ្វាយស្រុកត្បែងមានជ័យ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដោយការបង្ហោះដ្រូនឃ្លាំមើលសកម្មភាពពួកវាពីលើអាកាស និងហាមប្រជាពលរដ្ឋមិនឱ្យទៅចូលទៅក្បែរហ្វូងសត្វដំរីទាំងនោះឡើយ...។

លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ថ្លែងប្រាប់ SBM News តាមប្រព័ន្ធតេឡេក្រាមនៅរសៀលថ្ងៃចន្ទទី៧កញ្ញានេះថា៖ គិតមកដល់ថ្ងៃនេះ ដំរីទាំង៦ក្បាលនោះ នៅមិនទាន់វិលចូលព្រៃវិញទេ ពួកវាកំពុងបន្តរស់នៅតាមមាត់ស្ទឹងសែន ស៊ីទំពាំងឫស្សីព្រៃ តែមិនបង្កអី្វប៉ះពាល់ដល់ផលដំណាំ ឬបងប្អូនប្រជាពលរដ្ឋឱ្យរងរបួស ដូចកាលពីពេលកន្លងទៅឡើយ។ លោកចៅហ្វាយស្រុក បន្ថែមថា ចំពោះវិធានការ គឺ លោកបន្តដាក់កម្លាំងតាមដានជាប់ជាប្រចាំ ដោយមានការបង្ហោះដ្រូនតាមដានសកម្មភាព ដំរីទាំងនោះ ខ្លាចពួកវាមកប៉ះពាល់ផលដំណាំរបស់បងប្អូនប្រជាកសិករ និងចូលភូមិអ្នកស្រុកទៀត។ តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋាន បានការពារដំរីទាំងនោះមិនឱ្យមានរបួស ឬមានជម្លោះជាមួយមនុស្សទ្បើយ ដោយគ្រាន់តែបង្អើលពួកវាឱ្យចូលទៅក្នុងព្រៃឆ្ងាយពីភូមិស្រុកប៉ុណ្ណោះ។

សូមជម្រាបថា ដំរីមួយហ្វូងនេះ បានចេញមកពីព្រៃជ្រៅដែលពួកវារស់នៅតាំងតែពីថ្ងៃទី១០ ខែសីហា រហូតមកដល់ថ្ងៃទី២៨ ខែសីហា ពួកវាបានចូលមកដល់ភូមិសាស្ត្រនៃភូមិដូនគង់ ត្រពាំងក្រវ៉ាន់ ពាមអារោញ ស្រោងស្រឡៅ ស្ថិតក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ពួកវាបានបង្កឱ្យប្រជាពលរដ្ឋ២នាក់រងរបួសស្រាល ប៉ះពាល់ដល់ផលដំណាំកសិកម្ម និងជម្រកស្នាក់នៅក្នុងចម្ការមួយចំនួនផងដែរ។ ចំណែកកាលពីយប់ថ្ងៃទី៣០ ខែសីហាកន្លងទៅ ពួកវាបានបន្តចូលវាយលុកផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិពោធិ៍ខឿន ដោយបង្កឱ្យផ្ទះពលរដ្ឋចំនួនមួយខ្នង រងនូវការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ផ្ទះត្រូវបានជម្លៀសចេញដោយសុវត្ថិភាព គ្មានអ្នករងរបួសទេ តែផលដំណាំមួយចំនួនត្រូវពួកវាស៊ីអស់ មានដូចជា៖ ផ្លែដូង ដើមចេក ពោត ដំបូងមី និងផ្លែឳទ្បឹក។ ចំពោះ ដើមហេតុដែលហ្វូងដំរីព្រៃទាំងនេះ មកអុកឡុកផ្ទះ និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះមេហ្វូងដំរីមានកូនខ្ចី ហើយក្នុងព្រៃជាជម្រកចាស់ អាចនឹងខ្វះចំណីអាហារ ទើបពួកវាចេញមកក្រៅ ដើម្បីរកចំណីឱ្យកូនៗពួកវាស៊ី៕







