ប្រទះឃើញហ្វូងដំរីព្រៃ៦ក្បាល ចូលក្បែរភូមិពលរដ្ឋ នៅខេត្តព្រះវិហារ
អុន សម្ផស្ស
12 ម៉ោងមុន

ខេត្តព្រះវិហារ៖ ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយអ្នកជំនាញអង្គការ WCS កំពុងតាមដានដំណើរ និងស្វែងរកកន្លែងរស់នៅរបស់«ដំរីព្រៃមួយហ្វូង មានចំនួន «៦ក្បាល» ស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រ ពីភូមិអ្នកស្រុក។ ក្រសួងបរិស្ថានប្រកាសព័ត៌មាននេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។​

ក្រសួងបញ្ជាក់ ថា ក្រោយប្រទះឃើញវត្តមានហ្វូងដំរីព្រៃ ចំនួន៦ក្បាល ក្នុងនោះមានកូនតូច១ក្បាល ដើរចូលមកក្បែរព្រៃកែងស្រោងស្រឡៅ ដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ តាំង​ពីថ្ងៃទី១២ ខែសីហា ក្រុមការងារបានចុះអង្កេតឃ្លាំមើលជាក់ស្តែង និងប្រើប្រាស់បច្ចេកវិទ្យាដ្រូន ដើម្បីត្រួតពិនិត្យហ្វូងសត្វដំរីទាំងនោះ។ ក្រោមការឃ្លាំមើលពីអ្នកជំនាញ ហ្វូងដំរីព្រៃនេះកំពុងធ្វើដំណើរ និងរស់នៅដោយមិនបង្កបញ្ហាអ្វីជាមួយមនុស្ស នៅចំណុចអូរស្រោងស្រឡៅឡើយ។ ទោះជាយ៉ាងនេះក្ដី ឆ្លើយតបទៅនឹងក្ដីបារម្ភរបស់ប្រជាពលរដ្ឋ ខ្លាចប៉ះពាល់ដំណាំនៅតំបន់នោះ មន្ត្រីជំនាញអះអាងថា កំពុងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងអប់រំដល់ប្រជាពលរដ្ឋ នៅជុំវិញតំបន់នោះឱ្យមានចំណេះដឹង និងចូលរួមការពារ អភិរក្ស ជៀសវាងការបរបាញ់ ឬវាយប្រហារលើសត្វដំរីព្រៃ (ដំរីអាស៊ី) ដែលប្រភេទសត្វជិតផុតពូជ ព្រមទាំងធានាដល់ការរស់នៅរបស់ដំរីព្រៃទាំងនេះ ​អាចវិលត្រឡប់ចូលព្រៃវិញ។ 

ដំរីអាស៊ី ជាប្រភេទសត្វជិតផុតពូជ នៅលើពិភពលោក។ យោងតាមទិន្នន័យពីការស្រាវជ្រាវរបស់មន្រ្តីជំនាញ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ នៅក្នុងតំបន់ការពារធម្មជាតិនានា បានរកឃើញថា ដំរីអាស៊ី ឬដំរីព្រៃនេះ បានរស់នៅជាហ្វូង ហើយមានឃើញ កូនតូចៗជាច្រើនថែមទៀត សរុបប្រមាណ ៤០០ទៅ៦០០ក្បាល កំពុងរស់នៅកម្ពុជា។ ក្នុងនោះរស់នៅដែនជម្រកសត្វព្រៃឆែប-ព្រះរការ មានចន្លោះពី១៥ ទៅ២០ក្បាល កំពុងត្រូវបានយកចិត្តទុកដាក់ និងអភិរក្សខ្លាំងបំផុតពីអាជ្ញាធរជំនាញ។ ក្រសួងបរិស្ថាន ចាត់ទុក ការបង្ហាញវត្តមានហ្វូងដំរីជាបន្តបន្ទាប់ គឺជាក្ដីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សបរិស្ថានដែលបានបង្ហាញពី ប្រសិទ្ធភាពនៃការការពារ និងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរី ដែលជិតផុតពូជនៅលើពិភពលោក ក៏ដូចជា ជួយថែរក្សាលំនឹងបរិស្ថាន និងការពារកេរដំណែលធម្មជាតិទាំងនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត