
រដ្ឋធានីហ្សាការតា៖ វិបត្តិភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ បានបំភាយផ្សែងពុលយ៉ាងធ្ងន់ធ្ងរគ្របដណ្ដប់លើប្រទេសឥណ្ឌូណេស៊ី រហូតបង្ខំឱ្យសិស្សានុសិស្សប្រមាណ ១លាន៥សែននាក់ នៅក្នុងខេត្តចំនួន៦ ត្រូវប្តូរទៅរៀនតាមប្រព័ន្ធអនឡាញវិញជាប្រញាប់។

យោងតាមមន្ត្រីក្រសួងអប់រំ លោក ហ្គោហ្កត ស៊ូហារវ៉ូតូ (Gogot Suharwoto) បានអះអាងថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា សិស្សចំនួន ១លាន៤៣ម៉ឺននាក់ មកពីសាលារៀនសរុប ១២៨៧៤ខ្នង ក្នុងចំណោមខេត្តដែលរងគ្រោះធ្ងន់ធ្ងរបំផុតទាំង៦ ត្រូវបានបង្ខំចិត្តឱ្យរៀនពីចម្ងាយ ឬរៀនតាមអនឡាញ។ តំបន់ដែលរងគ្រោះមហន្តរាយនេះ រួមមាន៖ ខេត្តរីយ៉ៅ (Riau), ចាំប៊ី (Jambi), ស៊ូម៉ាត្រាត្បូង (South Sumatra), កាលីម៉ាន់តាន់ខាងលិច (West Kalimantan), ម៉ាន់តាន់កណ្តាល (Central Kalimantan), និងកាលីម៉ាន់តាន់ខាងត្បូង (South Kalimantan) លើកោះប័រណេអូ។

ខេត្តកាលីម៉ាន់តាន់ខាងលិចតែមួយ មានសិស្សរហូតដល់ ១លាន ១សែននាក់ទៅហើយ ដែលកំពុងរងគ្រោះ។ លោក ហ្គោហ្កត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការសម្រេចចិត្តបិទសាលានេះ អនុវត្តទៅតាមសន្ទស្សន៍បំពុលខ្យល់ពុលនៅតាមតំបន់នីមួយៗ ដោយតម្រូវឱ្យប្តូរទៅរៀនតាមអនឡាញភ្លាមៗ។ «នាយកសាលាមានអំណាចពេញលេញក្នុងការចាត់វិធានការបន្ទាន់ភ្លាមៗ ក្នុងស្ថានភាពអាសន្ននេះ ដោយមិនបាច់រង់ចាំរហូតដល់ស្ថានភាពអាក្រក់ជាងនេះ ឬចំណាយពេលយូរដើម្បីសុំយោបល់ពីអាជ្ញាធរផ្សេងទៀតឡើយ» នេះបើតាមសម្តីលោក ហ្គោហ្កត។ តាមទិន្នន័យផ្លូវការ ដីព្រៃប្រមាណ ២សែនហិចតា ត្រូវបានឆាបឆេះខ្ទេចខ្ទីដោយសារព្រះអគ្គិក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ហើយទំហំនៃការបំផ្លាញបានកើនឡើងស្ទើរតែទ្វេដងនៅក្នុងខែកក្កដាតែមួយប៉ុណ្ណោះ។ ក្នុងនោះ ដីព្រៃប្រមាណ៧៣៣០០ហិចតា នៅក្នុងខេត្តទាំង៦ ដែលបានរៀបរាប់ ត្រូវបានភ្លើងឆេះបំផ្លាញគ្មានសល់៕





