
រដ្ឋធានីហ្សាការតា៖ ប៉ូលិសឥណ្ឌូណេស៊ី បានបើកប្រតិបត្តិការបង្ក្រាប និងចាប់ឃាត់ខ្លួនមនុស្សជាង៣០០នាក់ ព្រមទាំងចោទប្រកាន់ជនសង្ស័យជាច្រើននាក់ទៀត បន្ទាប់ពីការតវ៉ាតាមដងផ្លូវបានរីករាលដាលទៅជាកុបកម្ម និងការប៉ះទង្គិចគ្នាយ៉ាងសាហាវឃោរឃៅពេញមួយយប់ ក្នុងរដ្ឋធានីហ្សាការតា។

មនុស្សសរុប៣២២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ក្នុងនោះមានបាតុករវ័យក្មេងអាយុក្រោម១៨ឆ្នាំ រហូតដល់១៦០នាក់។ នៅក្នុងកុបកម្មនេះ បុរសម្នាក់បានសន្លប់បាត់ស្មារតីនៅកន្លែងកើតហេតុ និងបានស្លាប់នៅមន្ទីរពេទ្យ ខណៈអាជ្ញាធរកំពុងប្រញាប់ប្រញាល់ស្រាវជ្រាវរកមូលហេតុពិតប្រាកដ។ ក្រុមបាតុករស្លៀកពាក់ខ្មៅ បានបន្តធ្វើសកម្មភាពផ្សេងៗ ដូចជា ដុតបំផ្លាញប៉ុស្តិ៍ប៉ូលិស ដុតម៉ូតូ បិទផ្លូវ គប់ដុំថ្ម និងប្រើដំបងឈើទៅលើកម្លាំងសមត្ថកិច្ច។ ជាមួយគ្នា ប៉ូលិសរាប់ពាន់នាក់បានប្រើប្រាស់វិធានការក្ដៅ ដោយបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមមនុស្ស ព្រមទាំងបង្ក្រាបក្រុមបាតុករដែលកាន់អាវុធកែច្នៃ។ មនុស្ស៤៥នាក់ ត្រូវបានដាក់ឈ្មោះជាជនសង្ស័យផ្លូវការ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងប្រព្រឹត្តអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ការផ្ទុះកុបកម្មនេះ បានកើតឡើងចំពេលដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) កំពុងរងការរិះគន់យ៉ាងចាស់ដៃជុំវិញនយោបាយសេដ្ឋកិច្ច និងអំពើពុករលួយ។ ប្រជាប្រិយភាពរបស់លោកបានដួលរលំ និងធ្លាក់ចុះយ៉ាងគំហុកមកត្រឹម ៣៨ភាគរយប៉ុណ្ណោះ នៅក្នុងការស្ទង់មតិចុងក្រោយ ដែលជារលកសម្ពាធយ៉ាងធ្ងន់ធ្ងរអង្រួនស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី៕




