ឥណ្ឌូណេស៊ីផ្អាកជើងហោះហើរជាង២០០ និងបិទសាលារៀន ក្រោយភ្នំភ្លើង Anak Krakatau ជះផេះដល់កម្ពស់១៥០០០ម៉ែត្រ
N
Nary Vann
6 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ គ្រោះធម្មជាតិផ្ទុះភ្នំភ្លើង Anak Krakatau យ៉ាងកាចសាហាវ បានបង្ខំឱ្យអាជ្ញាធរឥណ្ឌូណេស៊ី ប្រកាសផ្អាកជើងហោះហើររាប់រយនៅឯអាកាសយានដ្ឋានអន្តរជាតិចម្បង Soekarno-Hatta ក្នុងរដ្ឋធានីហ្សាការតា នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ ស្របពេលការសិក្សា និងការនេសាទនៅក្នុងតំបន់ជិតខាង ត្រូវគាំងដំណើរការទាំងស្រុង...។

ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី បញ្ជាក់ថា ជើងហោះហើរយ៉ាងហោចណាស់២០៩ជើង រួមទាំងជើងហោះហើរអន្តរជាតិជាច្រើន ត្រូវរងការរំខាន និងផ្អាកដំណើរការជាបណ្តោះអាសន្ន បន្ទាប់ពីផេះភ្នំភ្លើង បានហោះរសាត់ទៅដល់ដែនអាកាស[អាកាសយានដ្ឋាន]។ ភ្នាក់ងារឧតុនិយមឥណ្ធូណេស៊ី បានរាយការណ៍ថា ភ្នំភ្លើងបានចាប់ផ្តើមផ្ទុះតាំងពីយប់ថ្ងៃសុក្រ ដោយជះផេះឡើងលើអាកាសកម្ពស់រហូតដល់៦ពាន់ម៉ែត្រ នៅឯត្រើយខាងកោះជ្វា និងកម្ពស់រហូតដល់១៥០០០ម៉ែត្រ នៅត្រើយខាងកោះសូម៉ាត្រា។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំឱ្យសាធារណជនពាក់ម៉ាស និងវ៉ែនតាការពារភ្នែក ដើម្បីចៀសវាងការរលាកភ្នែក និងផ្លូវដង្ហើម ព្រមទាំងកាត់បន្ថយការធ្វើដំណើរកម្សាន្តខាងក្រៅ ដោយសារផេះភ្នំភ្លើងជះចំហាយខ្លាំង។ ទោះជាយ៉ាងណា អាជ្ញាធរបញ្ជាក់ថា មិនទាន់មានសញ្ញាអាសន្ននៃរលកស៊ូណាមិនៅឡើយទេ។ គួរបញ្ជាក់ថា ភ្នំភ្លើង Anak Krakatau ធ្លាប់បានផ្ទុះបង្កជារលកស៊ូណាមិកាលពីឆ្នាំ២០១៨ សម្លាប់មនុស្សរាប់រយនាក់។ ភ្នំភ្លើងនេះ កកើតឡើងនៅលើទីតាំងភ្នំភ្លើង Krakatoa ដើម ដែលធ្លាប់បានផ្ទុះបំផ្លាញខ្លួនឯង និងសម្លាប់មនុស្សជាង៣៦០០០នាក់ នៅឆ្នាំ១៨៨៣ តាមរយៈរលកស៊ូណាមិដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត