
រាជធានីបាងកក៖ សង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា បង្កឡើងដោយយោធាថៃ បាននៅឈប់ទ្រឹងក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែឥឡូវនេះ មន្រ្ដីជាន់ខ្ពស់នៃកងទ័ពអាកាសភូមិន្ទថៃ បានចេញមកនិយាយ និងកំពុងសម្ដែងល្ខោនថ្មី ដោយធ្វើជាជនរងគ្រោះ, ជាអ្នកស្អាតស្អំ តាមរយៈការចង់បង្កើតព្រំដែនសន្ដិភាព-ស្ថិរភាពយូរអង្វែងជាមួយកម្ពុជា...។ (Sic)

មេទ័ពអាកាសថៃរូបនេះ ថែមទាំងបានប្រកាសប្រាប់ដល់បណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ឱ្យប្រញាប់ទៅកាន់តំបន់ព្រំដែនមានជម្លោះជាបន្ទាន់ ដើម្បីជួយផ្សព្វផ្សាយព័ត៌មានអំពីការរងគ្រោះរបស់យោធា និងពលរដ្ឋថៃ។ ស្ដាប់ទៅគួរឱ្យអស់សំណើច ប៉ុន្ដែនេះហើយជាចរិតពិតរបស់ថៃ មិនខុសអ្វីពីចាស់ៗ ពោលប្រាប់កូនចៅខ្មែរជំនាន់ក្រោយៗថា «មេដឹកនាំថៃមានចិត្ដជាទេវទត្ដ មាត់ជាទេវតា» នោះឡើយ។ សូមជម្រាបថា ការប្រកាសឱ្យបណ្តាញសារព័ត៌មានធំៗរបស់ថៃ ប្រញាប់ចុះទៅយកព័ត៌មាននៅព្រំដែននេះ គឺបន្ទាប់ពីសារព័ត៌មានបរទេសធំៗជាច្រើននៅលើពិភពលោក បានចុះផ្សាយព្រោងព្រាត អំពីអំពើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នាប៉ុន្មានថ្ងៃកន្លងមកនេះ។ សារព័ត៌មានថៃខាវសដ បានចុះផ្សាយនៅព្រឹកថ្ងៃចន្ទទី៧ ខែកញ្ញានេះថា ប្រទេសថៃ បានប្រកាសផ្ដល់ឱកាសដល់បណ្តាញសារព័ត៌មានថៃ និងបរទេស ដោយអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍អាស៊ាន ចូលទៅកាន់តំបន់សំខាន់ៗ នៅតាមបណ្តោយព្រំដែនជាប់ជាមួយប្រទេសកម្ពុជា បានឃើញស្ថានភាពជាក់ស្តែង ដោយផ្ទាល់ភ្នែក ខណៈរាជរដ្ឋាភិបាលរាជធានីបាងកក បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះយន្តការទ្វេភាគី និងកិច្ចសន្ទនា។

លោកឧត្ដមសេនីយ៍ ប្រៈផាស សនចៃឌី (ประภาส สอนใจดี) ជំនួយការនាយអគ្គសេនាធិការកងទ័ពអាកាសភូមិន្ទថៃ និងជានាយកមជ្ឈមណ្ឌលព័ត៌មានរួម (JIC) ទទួលបន្ទុកលើស្ថានភាពថៃ-កម្ពុជា បានដឹកនាំគណៈប្រតិភូ ជាសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ព្រមទាំងក្រុមអ្នកសារព័ត៌មានថៃ និងអន្តរជាតិ ចុះទៅពិនិត្យនៅតាមតំបន់ព្រំដែន នៅថ្ងៃចន្ទទី៧ ខែកញ្ញានេះ។ បើតាមកាសែតថៃ បានឱ្យដឹងបន្ដថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងផ្តល់ឱកាសដល់ក្រុមអ្នកសារព័ត៌មានបរទេស ចុះសង្កេតមើលស្ថានភាពដោយផ្ទាល់ ទទួលបានព័ត៌មានពីអាជ្ញាធរពាក់ព័ន្ធ និងផ្ទៀងផ្ទាត់ការពិតនៅនឹងកន្លែង ដោយឯករាជ្យ។ លោកប្រៈផាស លើកឡើងថា អ្នកសារព័ត៌មានអាចផ្ទៀងផ្ទាត់ព័ត៌មានជាមួយមន្ត្រីយោធានៅនឹងទីកន្លែងផ្ទាល់ ដែលពួកគេនឹងផ្ដល់ជូន ហើយវាមានសារសំខាន់ណាស់ សម្រាប់ការរក្សាទំនុកចិត្តលើព័ត៌មានមានវិជ្ជាជីវៈ។(Sic)

ក្នុងចំណោមតំបន់សំខាន់ៗ ដែលបានចុះទៅពិនិត្យ គឺតំបន់អូរស្មាច់-ឆងចម ដោយរួមបញ្ចូលទាំងសំណង់ និងស្លាកស្នាមនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍ កាលពីពេលកន្លងទៅ នៅតាមបណ្តោយព្រំដែន។ នៅពេលអ្នកសារព័ត៌មានសួរថា តើប្រទេសថៃ ចង់បញ្ជូនសារអ្វីទៅកាន់សហគមន៍អន្តរជាតិ តាមរយៈការបើកឱ្យប្រព័ន្ធផ្សព្វផ្សាយ ចូលទៅកាន់តំបន់ទាំងនោះ? លោកឧត្ដមសេនីយ៍ ប្រៈផាស ឆ្លើយតបថា រាជរដ្ឋាភិបាលរាជធានីបាងកក ចង់ឱ្យព័ត៌មានអំពីស្ថានភាពនៅតាមព្រំដែន ផ្អែកលើការពិត ដែលអាចធ្វើការផ្ទៀងផ្ទាត់បានដោយឯករាជ្យ។ ប្រទេសថៃ នៅតែបន្តផ្តល់អាទិភាពដល់សុវត្ថិភាពសាធារណៈ ការកាត់បន្ថយភាពតានតឹង និងការដោះស្រាយបញ្ហាផ្សេងៗ តាមរយៈយន្តការដែលភាគីទាំងពីរ បានឯកភាពគ្នា។ គោលដៅរបស់ប្រទេសថៃ គឺការបង្កើតឱ្យមានព្រំដែនសន្តិភាព សុវត្ថិភាព និងស្ថិរភាព ដែលនឹងរួមចំណែកដល់សន្តិភាពជានិរន្តរ៍។

សូមរម្លឹកឡើងវិញបន្តិចថា ជម្លោះព្រំដែនចុងក្រោយ រវាងថៃ-កម្ពុជា កាលពីឆ្នាំ២០២៥ បានបង្កឱ្យមានភាពតានតឹង រហូតមកដល់សព្វថ្ងៃនេះ ដោយផ្ដើមចេញពីដំបូង គឺទាហានថៃ បានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី បណ្ដាលឱ្យយោធិនកម្ពុជាម្នាក់ពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ កាលពីព្រឹកព្រលឹមស្រាងៗថ្ងៃទី២៨ ខែឧសភា។ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅព្រឹកថ្ងៃពុធទី២៨ ខែឧសភា ឆ្នាំ២០២៥ ដដែលនោះ ថា ការប៉ះទង្គិចគ្នារយៈពេលខ្លី រវាងកងទ័ពថៃ និងកម្ពុជា នៅតំបន់ព្រំដែនមុំបី កើតឡើងដោយយោធាថៃលួចចូលបាញ់ប្រហារទាំងកម្រោល មកលើកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារទឹកដីរបស់ខ្លួន។ ការប៉ះទង្គិចគ្នានេះ បានបណ្ដាលឱ្យកងទ័ពខ្មែរឈរជើងនៅតំបន់មុំបីម្នាក់ឈ្មោះ សួន រ៉ោន អាយុ៤៨ឆ្នាំ មានឋានន្ដរស័ក្ដិជាព្រិន្ទបាលឯកពលី ដែលមានទីលំនៅស្ថិតក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ចាប់តាំងពីពេលនោះមក យោធាថៃ បានចាប់ផ្ដើមបង្កើនសកម្មភាពយោធាជាបន្ដបន្ទាប់ និងកាន់តែបង្កឱ្យមានភាពតានតឹងខ្លាំងឡើងបន្ថែមទៀត រហូតឈានដល់ការបំផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ នៅថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ទើបផ្អាកប្រយុទ្ធគ្នា ក្រោមកិច្ចអន្ដរាគមន៍ ពីលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៥។ ថ្វីបើភាគីកម្ពុជា-ថៃ យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ក្រោមវត្តមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្ដី អាន់វ៉ា អ៊ីប្រាហ៊ីម នៅប្រទេសម៉ាឡេស៊ី នាខាងក្រៅកិច្ចប្រជុំអាស៊ានយ៉ាងណាក្ដី ក៏ទាហានថៃ នៅតែបន្ដរំលោភបំពានឥតឈប់ឈរមកលើប្រទេសកម្ពុជា រហូតឈានដល់ការផ្ទុះសង្គ្រាមជាលើកទី២ ដោយបានវាយប្រយុទ្ធគ្នាទ្រង់ទ្រាយធំ ចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទើបភាគីទាំង២ ចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់។

បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះហើយក្ដី ទាហានថៃក៏នៅតែបន្ដរំលោភបំពានមកលើដែនអធិបតេយ្យកម្ពុជា ម្ដងហើយម្ដងទៀត រហូតមកដល់បច្ចុប្បន្ន។ ក៏ប៉ុន្ដែ..ក្រុមមន្រ្ដីរាជរដ្ឋាភិបាលរាជធានីបាងកក និងយោធាឈ្លានពានថៃ បានបង្កើតឱ្យមានការសម្ដែងល្ខោនប្រាប់ទៅពិភពលោក ថា ខ្លួនជាជនរងគ្រោះ និងបានចោទប្រកាន់ប្រទេសកម្ពុជា ថា«ជាអ្នកបង្កហេតុ»។ ទោះជាយ៉ាងណា ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ សារព័ត៌មានបរទេសល្បីៗជាច្រើននៅលើពិភពលោក បានចុះមកស្រាវជ្រាវ ស៊ើបអង្កេត និងយកព័ត៌មានដោយផ្ទាល់ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានជម្លោះ និងបានចុះផ្សាយវែកមុខឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពាន ដែលបង្កឡើងដោយទាហានថៃផ្ទាល់ ទើបថ្មីៗនេះ មេយោធាថៃមានការភ័យខ្លួន ក៏បានរៀបចំស។ ស៊េណារីយោថ្មី ជំរុញឱ្យក្រុមអ្នកសារព័ត៌មានជាតិ និងបរទេសក្នុងប្រទេសថៃ ចុះទៅថតរូប និងយកព័ត៌មាននៅតាមបណ្តាទីតាំង ដែលពួកគេបានរៀបចំទុកជាមុន ដើម្បីចុះផ្សាយបង្វែរដានហេតុការណ៍ពិត ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានបរទេស នាពេលកន្លងមកនោះ៕





