
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកាក្នុងឆ្នាំ២០២៦ ចំនួនជាង២១៣ប៊ីលានរៀល ស្មើនឹងប្រមាណជាង៥៣លានដុល្លារអាម៉េរិក ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជាក្រុមគោលដៅនៅទូទាំងប្រទេសកម្ពុជា…។

កម្មវិធីបញ្ចេញសាច់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ទារក និងកុមារ។ នេះបើតាមការប្រកាសរបស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ នេះជាកម្មវិធីដ៏សំខាន់មួយក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលបាននិងកំពុងគ្របដណ្ដប់លើក្រុមគោលដៅសំខាន់ៗចំនួន៦ នៅទូទាំងប្រទេស រួមមាន៖ ស្ត្រី និងកុមារមកពីគ្រួសារមានបណ្ណសមធម៌, កម្មករ-និយោជិត ដែលជាសមាជិក ប.ស.ស, មន្ត្រីរាជការស៊ីវិល, មន្ត្រីកិច្ចសន្យា, មន្ត្រីកម្មសិក្សា, មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ, ជនជាប់ឃុំ និងកូនតាមម្តាយក្នុងពន្ធនាគារ, និងក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់។

បើតាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បច្ចុប្បន្ន វិសាលភាពនៃការគ្របដណ្ដប់ប្រព័ន្ធគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មានសន្ទុះយ៉ាងលឿន នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ដោយអ្នកទទួលផលបានកើនឡើងពីចំនួន១ ១០៦ ៦៣០នាក់ កាលពីចុងឆ្នាំ២០២៣ ដល់២ ២៥២ ២៦៧នាក់ ឬមានកំណើន១០៣,៥២ភាគរយ គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦នេះ។ ការកើនឡើងទ្វេដងនៃចំនួនអ្នកទទួលផលនេះ ស្តែងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ពលរដ្ឋ ជាពិសេស ការវិនិយោគលើធនធានមនុស្ស ចាប់តាំងពីនៅក្នុងផ្ទៃមាតា រហូតដល់អាយុ២ឆ្នាំ ដើម្បីធានាបាននូវការលូតលាស់ទាំងកាយសម្បទា និងប្រាជ្ញាស្មារតីរបស់ទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ៕




