
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា គ្រោងនឹងបើកយុទ្ធនាការចុះឈ្មោះតាមភូមិសម្រាប់អ្នកទទួលផលចូលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ ដូច្នេះ អ្នកមានបណ្ណសមធម៌ និងសមាជិកគ្រួសារជាជនងាយរងគ្រោះកុំភ្លេចចុះឈ្មោះដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធី។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់មូនិធិជាតិជំនួយសង្គម...។

មូនិធិជាតិជំនួយសង្គម បានឱ្យដឹងថា ដើម្បីអាចចុះឈ្មោះជាអ្នកទទួលផលចូលកម្មវិធី និងទទួលបានប្រាក់ឧបត្ថម្ភ បានទាន់ពេលវេលា មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមជម្រាប ជូនដល់សាធារណជន ពិសេសគ្រួសារមានបណ្ណសមធម៌ និងសមាជិកគ្រួសារដែលជាជនមានពិការភាព ជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ មូលនិធិជាតិជំនួយសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រោងនឹងបើកយុទ្ធនាការចុះឈ្មោះតាមភូមិ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដែលនឹងធ្វើឡើងនៅតាមស្នាក់ការភូមិ ឬទីតាំងសមស្របណាមួយក្នុងភូមិគោលដៅផ្ទាល់ ដើម្បីសម្រួល និងជំរុញដល់ការចុះឈ្មោះជូនគ្រួសារដែលមានបណ្ណសមធម៌ និងសមាជិក គ្រួសារជាជនងាយរងគ្រោះ ឱ្យបានឆាប់រហ័ស និងជៀសវាងការបាត់បង់អត្ថប្រយោជន៍ណាមួយរបស់អ្នកទទួលផល។

ប្រភពដដែលបានឱ្យដឹងបន្តថា ការចុះឈ្មោះចូលកម្មវិធីត្រូវមានលក្ខខណ្ឌរួមមាន៖ មេគ្រួសារ ឬតំណាងគ្រួសារ សម្រាប់ចុះឈ្មោះទទួលបានប្រាក់ឧបត្ថម្ភ គោលគ្រួសារត្រូវមានបណ្ណសមធម៌ (ក្រីក្រ១ និងក្រីក្រ២) ច្បាប់ដើមដែលមានសុពលភាព និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ជនមានពិការភាព ត្រូវមានបណ្ណសមធម៌ (ក្រីក្រ១ និងក្រីក្រ២) ច្បាប់ដើមមានសុពលភាព និងបណ្ណសម្គាល់ជនមានពិការភាពច្បាប់ដើម ចេញដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ជនចាស់ជរា ត្រូវមានអាយុចាប់ពី៦០ឆ្នាំឡើង មានបណ្ណសមធម៌(ក្រីក្រ១ និងក្រីក្រ២) ច្បាប់ដើមមានសុពលភាព និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត។ អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិ តាមរយៈការផ្ដល់ព័ត៌មានពីមេគ្រួសារ។ ក្នុងនោះផងដែរបើសិនគ្រួសារដែលមានបណ្ណសមធម៌ខកខានមិនបានចុះឈ្មោះចូលកម្មវិធីតាមភូមិ សូមអញ្ជើញទៅចុះឈ្មោះចូលក្នុងកម្មវិធីនៅតាមសាលាឃុំ សាលាសង្កាត់ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធី។

គួរបញ្ជាក់ផងដែរថា យោងតាមការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ស្តីពីគោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ និងស្របតាមអនុក្រឹត្យលេខ៣៧២ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលកម្ពុជាបានដាក់នូវកម្ម វិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលបានសមាហរណកម្មកម្មវិធីចំនួន៤បញ្ចូលគ្នា រួមមាន៖ ទី១.កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ ទី២.កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅ បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ។ ទី៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព។ ទី៤. កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានការរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងការឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍៕




