កូរ៉េខាងជើង ​បំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹក ផ្ញើសារព្រមានដល់​មហាអំណាចលោកខាងលិច និងសម្ព័ន្ធមិត្ត
S
Sinuon Nop
6 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖​ ថ្វីត្បិតប្រជាជនកូរ៉េខាងជើង មានជីវភាព​ដុនដាប​ខ្លាំង មិនដូចបងប្អូនឈាមជ័រតែមួយរស់ក្រោមរបបដឹកនាំសេរី[កូរ៉េខាងត្បូង]យ៉ាងណាក៏ដោយ​ ប៉ុន្តែរដ្ឋាភិបាលរដ្ឋធានីព្យុងយ៉ាង បាននិងកំពុងបន្ដខិតខំប្រឹងប្រែងយ៉ាងខ្លាំង ផលិត និងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ សម្ញើញ​ទៅកាន់ពិភពលោក ខណៈបច្ចុប្បន្នមេដឹកនាំកូរ៉េខាងជើង បានប្រកាសអំពីការបំពាក់អាវុធដ៏សាហាវប្រភេទនេះ ដល់កងទ័ពជើងទឹករបស់ខ្លួន ដែលជាសញ្ញាមួយ ផ្ញើសារទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាម៉េរិក នៅតំបន់អាស៊ីបូព៌ា...។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន និងកូនស្រី
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន និងកូនស្រី

សារព័ត៌មានកូរ៉េខាងត្បូង The Chosun Daily បានចេញផ្សាយនៅថ្ងៃចន្ទទី៧​ ខែកញ្ញានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) បានថ្លែង នៅក្នុងពិធីដាក់ឱ្យដំណើរការនាវាពិឃាដថ្មី ​ចំណុះ៥​០០០តោន ឈ្មោះ​(Kang Kon កាង កុន)ថា៖«​យើងបានសម្រេចនូវការផលិតនាវាពិឃាដ ដែលមាន​សមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរដល់​កងទ័ពជើងទឹករបស់យើង។ នាវាពិឃាដប្រភេទនេះ ​មានសមត្ថភាពស័ក្ដិសម មានភាពចម្រុះ និងមានប្រសិទ្ធភាពជាក់ស្តែង សម្រាប់ការប្រើប្រាស់ ជាកម្លាំងទប់ទល់ ជាមួយនឹងការសង្កត់ធ្ងន់អំពី​សារសំខាន់ នៃកងកម្លាំង​នុយក្លេអ៊ែរ។ ផែនការដ៏សំខាន់​របស់យើង កំពុងត្រូវ​អនុវត្ត ដើម្បីពង្រឹងសមត្ថភាពដល់កងកម្លាំងជើងទឹករបស់យើង»។ ​

​ជាមួយគ្នា ​មេដឹកនាំកូរ៉េខាងជើង បានលើកឡើងនៅក្នុងសុន្ទរកថារបស់ខ្លួនថា៖​​«សន្តិសុខរបស់ប្រទេសយើង កំពុងស្ថិតនៅក្រោមការគំរាមកំហែងដោយផ្ទាល់ជាប្រចាំ ហើយតំបន់ដែលប្រឈមនឹងការគំរាមកំហែងខ្លាំងជាងគេ គឺសមុទ្ទខាងកើត នៃឧបទ្វីបកូរ៉េ និងដែនទឹកដែលនៅជាប់គ្នា​​​។ ប៉ុន្ដែ​ការដាក់ឱ្យដំណើរការនាវាពិឃាដ Kang Kon ពិតជាមានសារសំខាន់ ជាងការប្រគល់នាវាចម្បាំង ឆូយ ហ្យុន-ហូ ​(Choi Hyun-ho) ដល់​កងនាវាចរប្រចាំនៅសមុទ្ទខាងលិច កាលពីខែមិថុនាកន្លងទៅ។​ មេដឹកនាំរបបផ្ដាច់ការរូបនេះ បន្ថែមថា ការដាក់ឲ្យដំណើរការ​នាវាពិឃាដ Kang Kon ចូលរួមជាផ្លូវការជាមួយកងកម្លាំងជើងទឹក នៅសមុទ្ទខាងកើត និងព័ត៌មានអំពីការសាងសង់មូលដ្ឋានទ័ពជើងទឹកនៅទីនោះ គឺជាសញ្ញាយ៉ាង​ច្បាស់លាស់មួយ ​ផ្ញើសារទៅកាន់សត្រូវរបស់យើង»

លោក គីម ជុង-អ៊ុន ឱ្យដឹងបន្តថា៖«បច្ចុប្បន្ន យើងនឹងអនុវត្តសិទ្ធិស្របច្បាប់របស់យើង នៅក្នុងការ[ការពារ]ខ្លួន និងចាត់វិធានការឆ្លើយតបតាមការចាំបាច់។ រីឯ​ការបំពាក់អាវុធនុយក្លេអ៊ែរដល់កងទ័ពជើងទឹក ​ គឺបានសម្រេចរួចរាល់ហើយ ​​តាមរយៈការបង្ហាញឱ្យកាន់តែច្បាស់នូវកម្លាំងទប់ស្កាត់នៃការវាយប្រហារដោយនុយក្លេអ៊ែរដ៏មានអានុភាព និងអាចទុកចិត្តបានរបស់យើង។ ដូច្នេះ យើងត្រូវតែអនុវត្តជាក់ស្តែងនូវប្រតិបត្តិការដ៏សម្បូរបែប និងមានប្រសិទ្ធភាពសម្រាប់​ប្រព័ន្ធប្រយុទ្ធ​ ដោយអាវុធនុយក្លេអ៊ែរ ព្រមទាំងបញ្ជាក់ឱ្យកាន់តែច្បាស់ថែមទៀត អំពីសកម្មភាពយោធា សម្រាប់ការការពារដែនសមុទ្ទ និងការទប់ស្កាត់សង្គ្រាម»

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន ប្រើពាក្យសម្តីធ្ងន់ៗថា៖​«បច្ចុប្បន្ន យើងកំពុងអនុវត្តផែនការដ៏សំខាន់មួយ ដើម្បីពង្រឹងសមត្ថភាពដល់កងកម្លាំងជើងទឹករបស់យើង។ ខ្ញុំ[..]នឹងបង្ហាញឱ្យពិភពលោកបានឃើញជាថ្មីម្តងទៀត នៅក្នុងរយៈពេល៨​ខែខាងមុខនេះ!»។​ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំកូរ៉េខាងជើង មិនបាន​បញ្ជាក់លម្អិត អំពីលក្ខណៈនៃ«ផែនការដ៏សំខាន់»​នោះឡើយ៕​​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត