អតីតស្នងការរងស្ត្រីជើងខ្លាំង ជា រដ្ឋា ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ បើកការស៊ើបសួរករណីនាំចូលត្រីប្រាថៃខុសច្បាប់
ហាក់ អ៊ីឌី
មួយថ្ងៃមុន

ក្រុងសិរីសោភ័ណ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ កំពុងបន្តនីតិវិធីសាកសួរលើជនជាប់ចោទ លោកស្រី ជា រដ្ឋា អតីតស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបក្ខពួកចំនួន៤នាក់ផ្សេងទៀត ជុំវិញសកម្មភាពលួចនាំត្រីប្រាពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់...។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០២៦នេះ លោក សំរិទ្ធ សុខុន អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទាក់ទិននឹងសំណុំរឿងខាងលើ ត្រូវបានបញ្ជូនបន្តទៅកាន់ចៅក្រមស៊ើបសួរហើយ ខណៈព័ត៌មានលម្អិតយ៉ាងណា លោកសូមរុញសំណួររបស់ការីនិពន្ធយើង ទៅអ្នកនាំពាក្យតុលាការខេត្តជាអ្នកឆ្លើយជំនួសវិញ។ ជាមួយគ្នា ការីនិពន្ធ SBM News បានបន្តហៅទូរសព្ទទៅលោក រឿន លីណា អ្នកនាំពាក្យតុលាការខេត្តបន្ទាយមានជ័យ ដោយលោកបញ្ជាក់មកយ៉ាងខ្លីថា៖«ខ្ញុំ..សុំពេលបន្តិច ដើម្បីប្រមូលព័ត៌មាន ហើយជម្រាបជូនលោកវិញ[ការីនិពន្ធ SBM News]នៅពេលក្រោយ។» រួចក៏បិទទូរសព្ទបាត់ទៅ។ 

លោក សំរិទ្ធ សុខុន អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យ  
លោក សំរិទ្ធ សុខុន អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយជ័យ  

សូមជម្រាបថា យោងតាមប្រភពព័ត៌មានពីមន្ត្រីយោធាឈរជើងនៅភូមិចំការ-គ ជាប់ព្រំដែនកម្ពុជា-ថៃ ថ្លែងប្រាប់ SBM News ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណ បានឱ្យដឹងថា ករណីនាំចូលត្រីប្រាពីប្រទេសថៃនេះ គឺមានមេក្លោងធំម្នាក់មានតួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយបានសហការរកស៊ីនាំចូលទំនិញខុសច្បាប់មកពីថៃ ជាមួយ លោកស្រី ជា រដ្ឋា ដែលមានឃ្លាំងស្តុកទុកទំនិញដ៏ធំមួយនៅភូមិចំការគ ក្រោមកិច្ចសហការសម្របសម្រួលឆ្លងទំនិញពីច្រកព្រំដែនដោយប្រធានក្រុមយោធាល្បាតទី៣ ឬហៅថា(មេល្បាត៣) ឈ្មោះយ៉ុង និងទាហាន២នាក់ទៀតជាបក្ខពួក។ ក្រៅពីនាំចូលត្រីប្រា ស្នងការរងរូបនេះ ក៏បាននាំចូលបន្លែផ្លែឈើ គ្រឿងឧបភោគបរិភោគផ្សេងៗ និងគ្រឿងទេសស្ទើរតែគ្រប់មុខយកមកស្តុកទុកនៅក្នុងឃ្លាំងលោកស្រី ជា រដ្ឋា មុនបន្តដឹកចែកចាយទៅកាន់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ។

ទោះជាយ៉ាងណាក៏ដោយ គេនៅចាំបានថា ក្រៅពីតំណែងជាអតីតស្នងការរងរាជធានីភ្នំពេញដ៏មានឥទ្ធិពល និងជាអតីតអគ្គសេនាធិការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរនោះ លោក ស្រី ជា រដ្ឋា ត្រូវបានគេដឹងថា ជាមនុស្សម្នាក់នៅពីក្រោយរឿងក្ដី ជះទឹកអាស៊ីតលើម្ដាយមីងតារាសម្ដែង អ៊ិន សុខលីដា កាលពីកំលុង ឆ្នាំ២០០៨ ដែលទំនង់ផ្ដើមចេញពីរឿងស្នេហាភេទដូចគ្នា ឬស្រីស្រឡាញ់ស្រី។ រំលងបានមួយឆ្នាំ សំណុំរឿងខាងលើនេះ ត្រូវបានសាលាឧទ្ធរណ៍សម្រេចផ្ដន្ទាទោសលោកស្រី ជា រដ្ឋា និងបក្ខពួក៥ទៀត ក្នុងម្នាក់ៗឱ្យជាប់ពន្ធនាគារ ខ្ពស់បំផុត១៨ឆ្នាំ ប៉ុន្តែលោកស្រីបានរត់ភៀសខ្លួនទៅរស់នៅប្រទេសថៃ និងក្រោយមកលោកស្រីបានវិលចូលប្រទេសកម្ពុជាវិញស្ងាត់ៗ និងចាប់ផ្តើមបង្កើតមុខរបរនៅតំបន់ព្រំដែនកម្ពុជា-ថៃ តាមរយៈការបង្កើតអគារកាស៊ីណូ និងនាំចូលទំនិញពីប្រទេសថៃ មកលក់ចែកចាយនៅប្រទេសកម្ពុជា៕

រូបភាព​ឯកសារ 
រូបភាព​ឯកសារ 
រូបភាព​ឯកសារ 
រូបភាព​ឯកសារ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត