
ក្រុងសៀមរាប៖ ប្រាសាទបាគង កសាងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ ជាព្រះមហាក្សត្រដ៏សំខាន់នៃប្រវត្តិសាស្ត្រអង្គរនៅចុងសតវត្សទី៩។ ទីតាំងប្រាសាទ ស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃក្រុងសៀមរាប ក្នុងតំបន់រលួស ប្រាសាទដែលមានរាងជាសាជីដំបូងគេបង្អស់មួយនេះ កសាងឡើងនៅក្នុងចក្រភពខ្មែរ។ មុនសម័យប្រាសាទបាគង ទម្រង់ស្ថាបត្យកម្មប្រភេទនេះ មិនទាន់បានលេចរូបរាងពេញលេញនៅឡើយទេ…។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងបន្តថា មុនឈានចូលទៅដល់កំពែងព័ទ្ធជុំវិញ ដែលមានទំហំ៤០០ម៉ែត្រ គុណ៣០០ម៉ែត្រ ហ៊ុមព័ទ្ធដោយជញ្ជាំងខាងក្រៅ និងកសិន្ធុមានទទឹងទូលាយជាងជម្រៅនោះ យើងនឹងបានជួបប្រទះនូវកំពែងខាងក្រៅដ៏ធំមួយទៀត ដែលមានទំហំ៩០០ម៉ែត្រ គុណ៧០០ម៉ែត្រ។ នៅក្នុងកំពែងខាងក្រៅ មានសំណង់ប្រាសាទតូចៗសាងអំពីឥដ្ឋ ដែលជាប្រាសាទរណបយ៉ាងហោចណាស់ចំនួន២២។ ប្រាសាទទាំងនេះ ជាប្រាសាទរណបនៃរចនាសម្ព័ន្ធកណ្តាល ដោយសារប្រាសាទមួយចំនួនជំនួសឱ្យការបែរមុខទៅទិសខាងកើត គឺបែរមុខទៅរកប្រាសាទភ្នំនៅចំកណ្តាល ដែលមាននិមិត្តរូបជ្រៅជ្រះ នៃទ្រឹស្តីលោកធាតុវិទ្យា និងរឿងរ៉ាវបាដិហារិយ៍នៃអង្គព្រះឥសូរ។ចំណែក រូបចម្លាក់នាគក្បាលប្រាំពីរ ដែលលូនផ្ទាល់ដីនៅសងខាងផ្លូវដើរចូល បានលេចរូបរាងឡើងជាទម្រង់លម្អស្ថាបត្យកម្ម ជាលើកដំបូងបង្អស់នៅទីនេះ ដែលក្រោយមកក្លាយជាបង្កាន់ដៃនាគ នៅក្នុងសម័យកាលបន្តបន្ទាប់។

ប្រាសាទឥដ្ឋខ្លះស្ថិតនៅជើងប្រាសាទភ្នំ នៅមានសល់តែគ្រឿងបង្គំស្ថាបត្យកម្មឈើទ្រសំណង់ថ្មតែប៉ុណ្ណោះ។ នៅលើជញ្ជាំងខឿននៅគ្រប់ជ្រុងទាំងបួន នៃថ្នាក់លើបង្អស់របស់ប្រាសាទភ្នំ បានរចនាដោយចម្លាក់ក្រឡោតទាប រៀបរាប់ពីរឿងរ៉ាវផ្សេងៗ។ បច្ចុប្បន្នមានតែផ្ទៃចម្លាក់តូចមួយផ្ទាំងប៉ុណ្ណោះ នៅជ្រុងខាងត្បូងនៃប្រាសាទភ្នំក្បែរជណ្តើរឡើង ដែលនៅតែអាចមើលយល់បានថា ជាចម្លាក់បង្ហាញពីរូបភាពទ័ពយក្ស (ទ័ពអសុរ) ស្រង់ចេញពីក្នុងរឿងមហាភារត។ ប្រាសាទកណ្តាលសាងពីសម័យដើម ដែលស្ថាបនាលើកំពូលប្រាសាទភ្នំ បានបាត់បង់ទៅហើយ។ ក្ដីកណ្តាលដែលឃើញសព្វថ្ងៃនេះ គឺជាក្ដី ដែលកសាងឡើងវិញនៅក្នុងសតវត្សទី១២ប៉ុណ្ណោះ។ សារសំខាន់ជាប្រវត្តិសាស្ត្រនៃក្ដីកណ្តាលនេះ ដែលទម្រង់រចនាសម្ព័ន្ធប្រាសាទ និងក្បូរក្បាច់ស្ថាបត្យកម្មនេះ បានក្លាយជាប្រភពគំនិត និងជាគំរូស្ថាបត្យកម្មដែលលោក វណ្ណ ម៉ូលីវណ្ណ បានយកទៅច្នៃប្រឌិតស្ថាបនា វិមានឯករាជ្យ នៅរាជធានីភ្នំពេញ៕







