អាជ្ញាធរផ្តើមជួសជុលប្រាង្គទី៥ប្រាសាទបាគង បន្ទាប់ពីឃើញទ្រុឌទ្រោមខ្លាំង
អុន សម្ផស្ស
05 មិថុនា 2024 08:30 AM

ខេត្តសៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះតួប្រាង្គលេខ៥ របស់ប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោម និងហានិភ័យឱ្យរឹងមាំឡើងវិញ។ នេះបើតាមព័ត៌មានចុះផ្សាយដោយអាជ្ញាធរជាតិអប្សរានាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល ឱ្យដឹងថា ស្ថានភាពរបស់ប្រាង្គលេខ៥ នៃប្រាសាទបាគងមានហានិភ័យខ្លាំង ជាពិសេស ជញ្ជាំងប្រាង្គពីគ្រឹះរហូតដល់កំពូល។ ប្រធានអភិរក្សតំបន់រលួសរូបនោះបន្ថែមថា ដោយសារតែភាពប្រឈម និងគ្រោះថ្នាក់ច្រើន ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ព័ន្ធប្រាង្គលេខ៥ នៃប្រាសាទបាគងឡើងវិញ ដោយត្រូវពង្រឹងរចនាសម្ព័ន្ធឥដ្ឋ ជញ្ជាំង តួប្រាង្គ និងបិទស្នាមប្រេះនៅតាមជញ្ជាំង ដើម្បីការពារជម្រាបទឹក។ ប្រាង្គលេខ៥ នៃប្រាសាទបាគង បានរងការខូចខាតដោយសារកត្តាអាយុកាល អាកាសធាតុ និងឫសឈើតូចធំចាក់ចូលប្រាង្គ។

«ប្រាសាទបាគង» គឺជាឈ្មោះថ្មី ដែលត្រូវបានហៅនៅសម័យកណ្តាល។ ប្រាសាទនេះផ្សំពីពាក្យ ប្រាសាទ+បា+គង។ «ប្រាសាទ» មានន័យថាទីកន្លែងអាទិទេពគង់នៅ។ «បា» មានន័យ ថាអ្នកគ្រប់គ្រងលោក អ្នកថែរក្សាលោក។ រីឯពាក្យ «គង» មានន័យថាគឺជាវត្ថុសម្រាប់បន្លឺសំឡេងឱ្យលាន់លឺរំពងខ្លាំង ហើយត្រូវបានអ្នកមានជំនឿលើអាទិទេព ប្រើប្រាស់ដើម្បីបង្កើតជាសូរសំឡេងដាស់លាន់ឮដល់ពួកអាទិទេពទាំងអស់។ បច្ចុប្បន្នប្រាសាទនេះ មានទីតាំងស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។ ដោយឡែកផ្អែកតាមសិលាចារឹកនៃប្រាសាទនេះមានឈ្មោះដើមថា ឥន្ទ្រេស្វរៈ

គួរជម្រាបថា ការជួសជុលប្រាសាទបាគង ត្រូវបានចាប់ផ្តើមតាំងតែពីឆ្នាំ២០០០ ដូចទៅនឹងប្រាសាទផ្សេងទៀតដែរក្នុងតំបន់រលួស ហើយការងារជួសជុលប្រាង្គធំនៅជ្រុងពាយ័ព្យនៃប្រាសាទនេះត្រូវបានបញ្ចប់នៅដើមឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការអាឡឺម៉ង់ GACP។ ក្រោយមកប្រសាទនេះក៏នៅតែទទួលបានការជួយសង្គ្រោះពីអាជ្ញាធរជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត