
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៤ធ្នូ ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា បណ្ណាល័យខាងជើងនៅជ្រុងអាគ្នេយ៍ នៃប្រាសាទបាគង បានទទួលរងការខូចខាតខ្លាំង ដោយសារតែកត្តាអាយុព្រមទាំងធម្មជាតិ។ តែយ៉ាងណា ក្រុមការងារខិតខំជួសជុលឱ្យមានភាពរឹងមាំទ្បើងវិញ ដើម្បីបន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយ បានឃើញ និងស្គាល់ពីបណ្ណាល័យជំនាន់ដើម…។

លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស បានឱ្យដឹងថា បណ្ណាល័យខាងជើងជ្រុងអាគ្នេយ៍របស់ប្រាសាទបាគង រងការខូចខាតខ្លាំងនៅខឿនមានដីចាក់បង្គរ ដោយមានផ្នែកខ្លះឥដ្ឋបានពុកផុយ ជាពិសេសនៅផ្នែកដំបូលឥដ្ឋមានសភាពពុកផុយខ្លាំង។ នៅតាមជ្រុងនីមួយៗ នៃជញ្ជាំងបណ្ណាល័យ បានប្រេះហែកដែលបណ្តាលមកពីសំណង់មានអាយុកាលជាង១ពាន់ឆ្នាំ បញ្ហាទឹក និងរុក្ខជាតិទាមទារការជួសជុលពង្រឹងទប់ស្កាត់ការខូចខាតជាបន្តទៀត។ ដើម្បីសង្គ្រោះតួបណ្ណាល័យនេះឱ្យមានភាពរឹងមាំ ក្រុមការងារបានរើឥដ្ឋផ្នែកខ្លះដែលពុកផុយចុះលេខបញ្ជី និងរើឥដ្ឋនោះម្ដងមួយដុំៗទៅតាមបច្ចេកទេស ដើម្បីសម្អាតកំណកដី ឫសស្មៅ និងឫសរុក្ខជាតិ និងរៀបពង្រឹងឥដ្ឋនៅទីតាំងដើមឡើងវិញ និងជួសជុលបិទទីតាំងដែលមានទឹកហូរជ្រាបចូលក្នុងប្រាសាទរួមទាំងជម្រកសត្វល្អិតផង។

ប្រធានអភិរក្សរូបនេះបន្ថែមថា ក្រោយពីបញ្ចប់ការជួសជុលរចនាសម្ព័ន្ធទាំងមូលរបស់បណ្ណាល័យខាងជើងជ្រុងអាគ្នេយ៍នៃប្រាសាទបាគង នៅដំណាក់កាលទី៣ តួបណ្ណាល័យទទួលបានភាពរឹងមាំឡើងវិញហើយ។ មិនតែប៉ុណ្ណោះក្រុមការងារនៅតែបន្តការថែទាំ អភិរក្សតាមដានជាប្រចាំដូចជាការសម្អាតស្មៅ ឬរុក្ខជាតិ និងទឹកដក់តាមប្រាសាទ ដែលជាកង្វល់របស់អ្នកអភិរក្ស។ គួរឱ្យដឹងដែរថា«ប្រាសាទបាគង»ជាឈ្មោះថ្មីដែលត្រូវបានហៅនៅសម័យកណ្តាល។ ប្រាសាទនេះផ្សំពីពាក្យ ប្រាសាទ+បា+គង។ «ប្រាសាទ» មានន័យថា ទីកន្លែងអាទិទេពគង់នៅ។ «បា» មានន័យថា អ្នកគ្រប់គ្រងលោក អ្នកថែរក្សាលោក។ រីឯពាក្យ «គង» មានន័យថា គឺជាវត្ថុសម្រាប់បន្លឺសំឡេងឱ្យលាន់លឺរំពងខ្លាំង ហើយត្រូវបានអ្នកមានជំនឿលើអាទិទេពប្រើប្រាស់ ដើម្បីបង្កើតជាសូរសំឡេងដាស់លាន់ឮដល់ពួកអាទិទេពទាំងអស់។

ដោយឡែកផ្អែកតាមសិលាចារឹកនៃប្រាសាទនេះ មានឈ្មោះដើមថា ឥន្ទ្រេស្វរៈ។ បច្ចុប្បន្នប្រាសាទនេះ មានទីតាំងស្ថិតនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប នៅភាគខាងត្បូងនៃប្រាសាទព្រះគោ ចម្ងាយប្រមាណ១២គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ប្រាសាទបាគង ត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី៩ ឆ្នាំ៨៨២ ក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះលិទ្ធិព្រហ្មញ្ញសាសនា៕






