ស្ថានភាពខូចខាតធ្ងន់ធ្ងរនៃប្រាង្គឥដ្ឋលេខ១២ លេខ១៣ និងលេខ១៤ ប្រាសាទបាគង ត្រូវបានអាជ្ញាធរជាតិអប្សរាជួយសង្គ្រោះបន្ទាន់
S
Sreyleak Yith
8 ម៉ោងមុន

ក្រុងសៀមរាប៖ ប្រាង្គឥដ្ឋលេខ១២ លេខ១៣ និងលេខ១៤ ស្ថិតនៅខាងក្រៅកំពែងទី២ នាជ្រុងឦសានរបស់ប្រាសាទបាគង មានសភាពខូចខាតធ្ងន់ធ្ងរ ត្រូវបានអ្នកជំនាញចាប់ផ្តើមជួសជុលពង្រឹងទ្បើងវិញ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១កក្កដានេះ...។

លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ប្រាង្គលេខ១២ និងលេខ១៤ បានរលំបាក់ខូចខាតដល់ខឿន។ រីឯប្រាង្គឥដ្ឋលេខ១៣ នៅមានរូបរាងពីខឿនដល់កំពូល តែជញ្ជាំងផ្នែកខាងមុខទាមទារឱ្យមានការជួសជុលសង្គ្រោះជាបន្ទាន់ដែរ ដើម្បីឱ្យនៅឈររឹងមាំបន្តទៀត។ ការជួសជុសនេះ ដំបូងបានសម្អាតកំណកដីទាំងខាងក្រៅ និងខាងក្នុងប្រាង្គ រួចចាប់ផ្ដើមជួសជុលពង្រឹងខឿន ស៊ុមទ្វារ និងរចនាសម្ព័ន្ធជណ្តើរប្រាង្គនីមួយៗ។ ជួសជុលពង្រឹងរចនាសម្ព័ន្ធនានា ដែលចុះខ្សោយឱ្យរឹងមាំឡើងវិញ។ បិតកំបោរបាយអ ការពារជម្រាបទឹក ការពារសត្វល្អិត និងការពារស្មៅ ឬរុក្ខជាតិមិនឱ្យដុះតាមផ្ទៃប្រាសាទ។

ចំណែកនៅប្រាង្គកណ្តាលវិញ ក៏បានជួសជុលស៊ុមទ្វារ ហោជាង និងសសរពេជ្រ ដែលបានដួលរលំរាយប៉ាយខុសពីទីតាំង នឹងយកទៅដាក់នៅទីតាំដើមឡើងវិញ។ ក្រោយពីបញ្ចប់ការងារជួសជុលរួច ក្រុមការងារនឹងប្រើដែកក្រៀកបន្ថែមនៅផ្នែកខាងលើរបស់ប្រាង្គឥដ្ឋលេខ១៣ ដើម្បីជួយទប់លំនឹងប្រាង្គទាំងនោះ ឱ្យកាន់តែមានសភាពរឹងមាំថែមទៀត។ គួរជ្រាបថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងជួសជុលប្រាង្គឥដ្ឋលេខ១២ លេខ១៣ និងលេខ១៤ តាំងពីខែឧសភា ឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត