
រាជធានីភ្នំពេញ៖ លោក ថូ សំណាង ដែលមានតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បញ្ចប់មុខតំណែង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវអង្គភាព ACU នាំខ្លួនទៅសាកសួរពាក់ព័ន្ធនឹងសំណុំរឿងបទល្មើសអនឡាញស្កេម (Online Scams) កាលពីពេលកន្លងទៅ។ ពេលនេះ ជនជាប់ចោទខាងលើ ក៏ត្រូវបាន អង្គព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ជាទីប្រឹក្សានៃក្រសួងការបរទេសបន្ថែមទៀត តបតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ...។

សូមជម្រាបថា លោក ថូ សំណាង និងបក្ខពួកពីរនាក់ទៀត គឺលោក ណុប រដ្ឋា និងលោក យស់ រ៉ាណេ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការ បន្ទាប់ពីនាំខ្លួនទៅសាកសួរព័ត៌មានមួយរយៈ ពាក់ព័ន្ធនឹងសំណុំរឿងបទល្មើសអនឡាញស្កេម (Online Scams) ដែលជនជាប់ចោទទាំងបី បានលួចយកទិដ្ឋាការពិសេសប្រភេទ C និងប្រភេទ CEX ខុសច្បាប់ មានប្រមាណជាង៦០០០ពាន់សន្លឹក ផ្ដល់ទៅក្រុមឧក្រិដ្ឋជនអនឡាញស្កេម។ លោក ថូ សំណាង ត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។

ចំណែក លោក ណុប រដ្ឋា រងការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។ ចំពោះ លោក យស់ រ៉ាណេ ត្រូវបានចោទប្រកាន់ ពីបទសមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០៕





