
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃអាទិត្យទី០៦ ខែកញ្ញានេះ គឺជាការប្រកួតជុំចុងក្រោយនៃវគ្គសន្សំពិន្ទុពូលG សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វគ្គជម្រុះតាមពូល ពានរង្វាន់ជើងឯកអាស៊ី យុវជនអាយុក្រោម២០ឆ្នាំ ២០២៧ (2027 AFC U-20 Asian Cup qualification) ខណៈកាលពីប្រកួតជុំទី២ ក្រុមគោព្រៃកម្ពុជា រងបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយចាញ់ក្រុមដាវសាម៉ូរ៉ៃជប៉ុនដល់ទៅ ៨ ទល់នឹង ០ ឯណោះ...។

កាលពីជុំទី១ ក្រុមគោព្រៃកម្ពុជា អាយុក្រោម២០ឆ្នាំ (U-20) បានយកឈ្នះក្រុមជម្រើសជាតិយេមែន អាយុក្រោម២០ឆ្នាំ (U-20) ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ទាំងដង្ហើមចង្រិត និងជុំទី២ ក្រុមដាវសាម៉ូរ៉ៃជប៉ុន កាប់មិនយល់មុខម្ចាស់ផ្ទះឡើយ ដោយបានដាក់ការគាបសង្កត់តាំងពីស្នូរកញ្ចែលោកអាជ្ញាកណ្ដាល បន្លឺសំឡេងឡើងនៅនាទីដំបូង ដោយបាននាំមុខក្រុមគោព្រៃកម្ពុជា ២-០ នៅវគ្គទី១ និងបន្ថែមគ្រាប់បាល់៦គ្រាប់ទៀត នៅវគ្គទី២ ធ្វើឱ្យក្រុមគោព្រៃកម្ពុជាចាញ់ក្រុមជប៉ុន ៨-០ ឈរនៅលេខរៀងទី២ មាន៣ពិន្ទុស្មើនឹងក្រុមយេមែន ដែលបានយកឈ្នះក្រុមគុយវែត ៣-១ ក្នុងជុំទី២នេះ ដូចគ្នា ប៉ុន្តែស្ថិតនៅក្រោមក្រុមកម្ពុជា ទោះបីមានគ្រាប់បាល់ចំណេញ១គ្រាប់ ខណៈក្រុមកម្ពុជាជំពាក់គ្រាប់បាល់ដល់ទៅ៧គ្រាប់ដ៏ដោយ ក៏គេឱ្យនៅក្រោមដែរ ដ្បិតអី AFC គិតតាមក្បួន Head to Head។

ដោយឡែក នៅវេលាម៉ោង១៩:០០នាទីយប់ថ្ងៃអាទិត្យទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រុមគោព្រៃកវ័យជំទង់កម្ពុជា នឹងត្រូវប្រកួតសន្សំពិន្ទុជាមួយក្រុមបាតតារាងពូល G គុយវែត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីសម្រេចថា តើក្រុមគោព្រៃកម្ពុជា នឹងមានឱកាសក្លាយជាក្រុមលេខពីរល្អ(មួយ) ក្នុងចំណោមក្រុមលេខ២ល្អទាំង៧ពូល ដើម្បីបន្តដំណើរទៅចូលរួមប្រកួតវគ្គចែកពូល ដណ្តើមពានរង្វាន់ជើងឯកអាស៊ី យុវជនអាយុក្រោម២០ឆ្នាំ ២០២៧ (2027 AFC U-20 Asian Cup) នៅប្រទេសចិន បានដែរឬទេ..? ឬមួយក៏ត្រូវធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល G នេះ។ សូមបញ្ជាក់ថា ទោះបីក្រុមគោព្រៃកម្ពុជា អាចយកឈ្នះក្រុមគុយវែតបានមែន ក៏ពិន្ទុក្រុមចុងក្រោយនេះមិនត្រូវបូកបញ្ចូលឡើយ ព្រោះក្រុមគោព្រៃកម្ពុជា មានពិន្ទុផ្លូវការតែ៣ប៉ុណ្ណោះ ដែល AFC ទទួលស្គាល់ (ឈ្នះយេមែន២-១) ដូច្នេះ ភាគរយឡើងទៅវគ្គបន្ទាប់ គឺមានសង្ឃឹមតិច តែគ្រាន់ជាងប្រកួតចាញ់ក្រុមគុយវែត គឺរឹតតែគ្មានសង្ឃឹមសោះតែម្ដង...៕





