ព្យុះទី២៤ មិនទាន់ទៅណាឆ្ងាយ ភ្លៀងបន្តធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែមានឥទ្ធិពលលើប្រទេសកម្ពុជា
S
Sreyleak Yith
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអាទិត្យទី០៦កញ្ញានេះ ព្យាករឃើញថា ព្យុះទី២៤ ឈ្មោះ ក្រវាន់ នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី និងបោកបក់មកលើសមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង និងអាងទន្លេមេគង្គ ស្ថានភាពបែបនេះ ធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦...។

រូបតំណាង
រូបតំណាង

មន្ត្រីក្រសួងធនធានទឹក អះអាងថា តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សា ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី នាំឱ្យខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់អមមកជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧០ម៉ែត្រ

ចំពោះ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យ មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី ស្ថានភាពបែបនេះ បង្កឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត