រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់អក្ខរកម្ម ជាការវិនិយោគដ៏មានតម្លៃបំផុតលើមនុស្ស
S
Soriya Sou
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់អក្ខរកម្ម ជាការវិនិយោគដ៏មានតម្លៃបំផុត ព្រោះការផ្ដល់ចំណេះដឹង និងជំនាញដល់ប្រជាពលរដ្ឋ គឺជាការបង្កើតកម្លាំងចលករសម្រាប់ចូលរួមក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងឱកាសនៃការសិក្សាពេញមួយជីវិត សំដៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ផលិតភាពការងារ និងពង្រឹងសុខុមាលភាពគ្រួសារ។ នេះជាប្រសាសន៍ សម្ដេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា...។

តាមរយៈសារលិខិតក្នុងឱកាសទិវាអក្ខរកម្មជាតិ លើកទី២៦ ថ្ងៃទី៨កញ្ញា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា អក្ខរកម្ម គឺជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់គុណភាពអប់រំ ប្រកបដោយបរិយាបន្ន។ អក្ខរកម្ម នៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពីសមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើប ប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។ ទស្សនវិស័យរបស់រាជរដ្ឋាភិបាល បានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១ ផ្តោតលើការពង្រឹងគុណភាពអប់រំ ការលើកកម្ពស់អក្ខរកម្ម ការអភិវឌ្ឍជំនាញ និងឱកាសសិក្សាពេញមួយជីវិត ដោយធានាថា មនុស្សគ្រប់រូបទាំងកុមារ យុវជនក្រៅសាលា កម្មករ កម្មការិនីរោងចក្រ និងមនុស្សពេញវ័យនៅគ្រប់តំបន់ ជាពិសេស អ្នករស់នៅតំបន់ជនបទ តំបន់ជួបការលំបាក ជនជាតិដើមភាគតិច ជនមានពិការភាព និងក្រុមប្រជាជនងាយរងគ្រោះ មានឱកាសទទួលបានការអប់រំដោយគ្មានការរើសអើង និងគ្មាននរណាម្នាក់ត្រូវបានផាត់ចេញឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ សម្រាប់វិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំប្រកបដោយបរិយាបន្ន និងបណ្ដុះនូវមនសិកាពលរដ្ឋល្អ និងស្មារតីស្នេហាជាតិ។ យ៉ាងណា សម្ដេចបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់បន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព។ សម្ដេច ក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្ដង់ដារ ឬយន្តការចាំបាច់នានា ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីអក្ខរកម្ម សំដៅលើកកម្ពស់វិស័យអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងធានាថា ពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត ស្របទៅនឹងបរិការណ៍ថ្មីៗ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នា ត្រូវបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្ម ទាំងវិជ្ជាជីវៈផ្នែកឌីជីថល បច្ចេកវិទ្យាព័ត៌មាន ពិសេស កម្មវិធីអប់រំពហុភាសាសម្រាប់បងប្អូនជនជាតិដើមភាគតិច ឱ្យកាន់តែសម្បូរបែបដល់ប្រជាជនគ្រប់រូប គ្រប់វ័យ ដោយមិនរើសអើងជាតិសាសន៍ ភាសា និងវប្បធម៌។ ប្រមុខរាជរដ្ឋាភិបាល បន្តណែនាំដល់ប្រធានរោងចក្រ សហគ្រាស សិប្បកម្ម ក្រុមហ៊ុនឯកជន ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ សូមបន្តជំរុញការបើកថ្នាក់អក្ខរកម្ម ដោយភ្ជាប់ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា និងការបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី បុគ្គលិក និងជនជាប់ឃុំជាដើម ដើម្បីជាប្រយោជន៍ដល់ពួកគាត់។ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបង្កើតនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវកម្មវិធីអក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់ អំពីសារសំខាន់នៃអក្ខរកម្ម ពិសេស អក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ អក្ខរកម្មព័ត៌មានវិទ្យា ចេះស្វែងរកព័ត៌មានត្រឹមត្រូវលើអ៊ីនធឺណិត ចេះប្រើប្រាស់ គ្រប់គ្រង និងចែករំលែកព័ត៌មានតាមអនឡាញ យល់ដឹងអំពីសុវត្ថិភាពនៃបច្ចេកវិទ្យា និងចែករំលែក ព័ត៌មានប្រកបដោយក្រមសីលធម៌ និងសុក្រឹតភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត