
ក្រុងសំរោង៖ បន្ទាប់ពីផ្ទុះការរិះគន់ពេញបណ្តាញសង្គម ជុំវិញប្រធានទីស្នាក់ការបរិស្ថានប្រចាំនៅសហគមន៍ព្រៃឈើសង្ឃរុក្ខាវ័ន ទារលុយពលរដ្ឋចូលទៅរើស កាប់អុសងាប់ ក្នុងសហគមន៍មកប្រើប្រាស់ប្រចាំថ្ងៃ ដោយតម្រូវឱ្យបង់ថ្លៃមួយគោយន្ត៥០ម៉ឺនរៀល ពេលនេះ លោកអភិបាលខេត្តឧត្តរមានជ័យ មាន ចាន់យ៉ាដា បញ្ជាឱ្យប្រធានមន្ទីរដកបញ្ឈរជើង ប្រធានទីស្នាក់ការរូបនោះ ឱ្យមកបម្រើការងារនៅមន្ទីរបរិស្ថានខេត្តវិញ និងតម្រូវឱ្យប្រគល់លុយសងជូនបងប្អូនប្រជាពលរដ្ឋវិញ...។

សូមជម្រាបថា មានបងប្អូនប្រជាពលរដ្ឋចំនួន២គោយន្ត បានធ្វើដំណើរចូលទៅកាប់ឈើងាប់ៗនៅក្នុងសហគមន៍ព្រៃឈើសង្ឃរុក្ខាវ័ន ដើម្បីយកមកធ្វើអុសដុត លុះពេលប្រជាពលរដ្ឋទាំងនោះ រកអុសបានហើយ នាំគ្នាដឹកអុសចេញមកលំនៅឋានវិញ ក៏ស្រាប់តែជួបនឹងក្រុមមន្រ្តីបរិស្ថានដែលនៅប្រចាំការក្នុងតំបន់ហាមឃាត់ទាំងនោះ ពួកគេបានទាមទារឱ្យពលរដ្ឋចូលព្រៃកាប់អុស បង់លុយ៥០ម៉ឺនរៀលក្នុងមួយគោយន្ត ដោយសរុបគោយន្តទាំងពីរគ្រឿង អស់១លានរៀល ប៉ុន្តែប្រជាពលរដ្ឋទាំអស់នោះគ្មានលុយ ក៏សុំបង់ត្រឹមមួយគោយន្ត២៥ម៉ឺនរៀល ទើបក្រុមមន្រ្តីការពារបរិស្ថានយល់ព្រមឱ្យវិលត្រឡប់ទៅផ្ទះវិញ។ ក្រោយមក ករណីខាងលើ ត្រូវបានប្រជាពលរដ្ឋថតវីដេអូបង្ហោះចែកចាយលើបណ្តាញសង្គម បណ្ដាលឱ្យមានរលកនៃការរិះគន់ពីមហាជនដូចទឹកបាក់ទំនប់ និងបានធ្លាយដំណឹងនេះ ទៅដល់ត្រចៀកលោកអភិបាលខេត្តឧត្តរមានជ័យផងដែរ។

ភ្លាមៗ..ក្រោយទទួលបានដំណឹងខាងលើ លោកអភិបាលខេត្ត ក៏បានចេញបញ្ជាឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ធ្វើការស្រាវជ្រាវបន្ទាន់ ដើម្បីរកឱ្យឃើញការពិត ថាតើពិតជាមានករណីមន្ត្រីជំរិតទារលុយពីប្រជាពលរដ្ឋពិតប្រាកដមែន ឬយ៉ាងណា? ក្រោយទទួលបទបញ្ជាពីលោកអភិបាលខេត្ត មន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ និងរកឃើញថា ពិតជាមានករណីប្រធានទីស្នាក់ការបរិស្ថានប្រចាំនៅសហគមន៍ព្រៃឈើសង្ឃរុក្ខាវ័ន និងមន្ត្រីការពារបរិស្ថានមួយចំនួន បានទារលុយពីប្រជាពលរដ្ឋប្រាកដមែន។ ភ្លាមនោះ លោកអភិបាលខេត្ត ក៏បានបញ្ជាឱ្យមន្ត្រីការពារបរិស្ថាននៅសហគមន៍ព្រៃឈើសង្ឃរុក្ខាវ័ន យកលុយដែលទារបានពីប្រជាពលរដ្ឋ យកទៅឱ្យម្ចាស់ដើមវិញ ឯរូបលោកប្រធានទីស្នាក់ការ ក៏ត្រូវកោះហៅឱ្យធ្វើការងារនៅមន្ទីរបរិស្ថានខេត្តវិញដែរ។

ទោះជាយ៉ាងណាក៏ដោយ បើតាមមន្រ្តីរដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងបន្ថែមថា ដោយសារកន្លងមក មានក្រុមឧក្រិដ្ឋជនព្រៃឈើធ្វើសកម្មភាពលួចចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃសហគមន៍សង្ឃរុក្ខាវ័ន នេះ ទើបអាជ្ញាធរខេត្តសម្រេចបង្កើតឱ្យមានទីស្នាក់ការបរិស្ថាននៅទីនោះ ដើម្បីចូលរួមទប់ស្កាត់ការកាប់ឈើខុសច្បាប់។ ប៉ុន្តែអាជ្ញាធរខេត្ត មិនបានចាត់តាំងឱ្យមន្ត្រីការពារបរិស្ថានទាំងនោះ ទៅឈរជើងដើម្បីធ្វើសកម្មភាពទារលុយពីប្រជាពលរដ្ឋបែបនេះឡើយ ដូច្នេះ ទង្វើខាងលើនេះ គឺអនុវត្តខុសពីនីតិវិធីច្បាប់របស់មន្ត្រីរាជការសាធារណៈហើយ..៕



