
រាជធានីភ្នំពេញ៖ លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានរំលេចសារខ្លីមួយ ដើម្បីរំលឹកដល់ទិវាអក្ខរកម្មជាតិនិងអន្តរជាតិនៅឆ្នាំនេះ ខណៈពិភពលោកកំពុងមានការផ្លាស់ប្ដូរ ពិសេសជំងឺរាតត្បាតកូវីដ-១៩ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិត្ត កំពុងផ្លាស់ប្ដូរពិភពលោកដែលយើងរស់នៅសព្វថ្ងៃនេះយ៉ាងឆាប់រហ័ស។

តំណាងអង្គការយូណេស្កូរូបនេះ បានថ្លែងថា៖ «នៅថ្ងៃទិវាអក្ខរកម្មអន្តរជាតិឆ្នាំនេះ ជាពេលវេលាសម្រាប់យើងទាំងអស់គ្នា ធ្វើការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការពន្លឿនវឌ្ឍនភាពលើការអនុវត្តដៅអភិវឌ្ឍប្រកបដោយចិរភាពទី៤ និងធ្វើការវិនិយោគលើឥទ្ធិពលបដិវត្តកម្មនៃអក្ខរកម្ម និងការអប់រំ។ ដើម្បីឱ្យយើងដើរតាមទាន់ការប្រែប្រួលនៃសេដ្ឋកិច្ច និងសង្គម យើងត្រូវ៖(១) វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបណ្តុះបណ្តាលជំនាញ ICT ដ៏ទូលំទូលាយ (២) បណ្តុះវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត (៣) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋាភិបាល ស្ថាប័នអប់រំ និងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពអប់រំ»។

ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធទិវាអក្ខរកម្មជាតិ ខួបលើកទី២៣ (០៨កញ្ញា២០០០-០៨កញ្ញា២០២៣) ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច»។ ថ្ងៃទី៨ ខែកញ្ញា ត្រូវបានប្រកាសជាទិវាអក្ខរកម្មអន្តរជាតិដោយអង្គការយូណេស្កូនៅថ្ងៃទី១៧វិច្ឆិកា ឆ្នាំ១៩៦៥។ ទិវានេះត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៩៦៦ ក្នុងគោលបំណង ដើម្បីលើកយកនិងផ្សព្វផ្សាយអំពីសារៈសំខាន់នៃអក្ខរភាពទៅដល់សាធារណជន សហគមន៍និងសង្គមនានានៅជុំវិញពិភពលោក។ ជារៀងរាល់ឆ្នាំ នៅទិវាអក្ខរកម្មអន្តរជាតិ អង្គការយូណេស្កូ បានរំលឹកជូនសហគមន៍អន្ដរជាតិទាំងឡាយ អំពីស្ថានភាពនៃអក្ខរកម្ម និងការសិក្សារបស់មនុស្សពេញវ័យ ទូទាំងសកលលោក។ ការប្រារព្ធទិវាអក្ខរកម្មអន្តរជាតិនេះ ត្រូវបានធ្វើឡើងតាមបណ្ដាប្រទេសនានានៅជុំវិញពិភពលោក។

គួររំលឹកផងដែរថា ទោះបីជាក្នុងកំលុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩មិនអនុញ្ញាតឱ្យជួបជុំប្រារព្ធទិវាអក្ខរកម្មជាតិ៨កញ្ញាដោយផ្ទាល់ក៏ដោយ ប៉ុន្ដែទិវានេះត្រូវបានរៀបចំឡើងក្នុងទម្រង់ជាយុទ្ធនាការតាមប្រព័ន្ធអនឡាញ និងពីចម្ងាយតាមគ្រប់រូបភាព ក្នុងគោលបំណងបង្កើនការយល់ដឹងទូលំទូលាយនៅទូទាំងប្រទេស អំពីសារសំខាន់នៃការងារអក្ខរកម្មឆ្ពោះទៅរកការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិតជីវភាពកាន់តែប្រសើរ ជាពិសេសនៅក្នុងដំណាក់កាលនៃការស្ដារឡើងវិញនូវសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ-១៩៕



