
ក្រុងស្វាយរៀង៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ សុខ ធន់ អាយុ៤៧ឆ្នាំ ពីបទសមគំនិតក្នុងបទកំហែងយក ករណីទារប្រាក់៩ពាន់ដុល្លារអាម៉េរិក ពីពាណិជ្ជករដឹកក្រណាត់...។

សូមជម្រាបថា បុរសឈ្មោះ សុខ ធន់ ដែលគេស្គាល់ថា ជាមនុស្សជំនិតរបស់លោក ឈុន ឆាង ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីស្ទាក់ចាប់រថយន្តដឹកក្រណាត់ និងជំរិតទារប្រាក់ដល់ទៅ៩០០០ដុល្លារអាម៉េរិក ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ យោងតាមចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង លោក ឃៀង សុមុនីនាថ ដែលបានចុះហត្ថលេខានៅថ្ងៃសៅរ៍ទី៥ ខែកញ្ញា ឆ្នាំ២០២៦ បញ្ជាក់ថា បង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ សុខ ធន់ អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ទៅពន្ធនាគារខេត្តស្វាយរៀង ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

ប្រធានពន្ធនាគារខេត្តស្វាយរៀង ត្រូវទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ គ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់។ សូមជម្រាបថា ជនឈ្មោះ សុខ ធន់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ“សមគំនិតក្នុងបទកំហែងយក” ប្រព្រឹត្តនៅចំណុចខេត្តស្វាយរៀង កាលពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បទល្មើសដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ២៩, មាត្រា ៣៦៣ និងមាត្រា ៣៦៤ នៃក្រមព្រហ្មទណ្ឌ។ ចំណែកម្ចាស់ពាក្យបណ្ដឹងមានឈ្មោះ សុខ រ៉ា បានប្តឹងឈ្មោះ ឈុន ឆាង ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលបានជំរិតទារប្រាក់ម្ចាស់ពាក្យបណ្ដឹង ដល់ទៅចំនួន៩០០០ដុល្លារអាម៉េរិក ហើយក្នុងនោះ ចៅក្រមស៊ើបសួររកឃើញថា ឈ្មោះ សុខ ធន់ នេះ មានជាប់ពាក់ជាមួយនឹងបទល្មើសខាងលើ៕




