សមត្ថកិច្ចខេត្តបន្ទាយមានជ័យ វ៉ៃខ្នោះថៃ១៥នាក់ រួមជាមួយជនសង្ស័យមួយចំនួនទៀតទៅឱ្យតុលាការកាត់ទោស ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបើកល្បែងស៊ីសង
Mao Sopha
15 ម៉ោងមុន

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យប្រុសស្រី៦៨នាក់ ទៅកាន់តុលាការនៅរសៀលថ្ងៃសៅរ៍ទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីចាត់ការតាមច្បាប់។ ពួកគេ ត្រូវកងកម្លាំងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធ ចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែសីហា ពាក់ព័ន្ធក្នុងបទល្មើសជួញដូរ រក្សាទុក ចាត់ចែង ប្រើប្រាស់សារធាតុញៀន និងបទល្មើសបើកល្បែងស៊ីសងដោយខុសច្បាប់។ 

ក្នុងពេលចុះបង្ក្រាប មានជនសង្ស័យទាំងខ្មែរទាំងបរទេសសរុបដល់ទៅ១៣៣នាក់ ដែលត្រូវឃាត់ខ្លួន។ ក្រោយពិនិត្យ និងសាកសួររួច សមត្ថកិច្ចជំនាញ រកឃើញថា មានតែ៦៨នាក់ប៉ុណ្ណោះ ដែលពាក់ព័ន្ធក្នុងបទល្មើស ហើយក្រៅពីនេះ មិនពាក់ព័ន្ធនោះទេ។ ដូច្នេះ អ្នកមិនពាក់ព័ន្ធក្នុងបទល្មើស គ្រាន់តែទទួលការណែនាំអប់រំ ហើយក៏ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ដោយមានការអនុញ្ញាតយល់ព្រមពីព្រះរាជអាជ្ញា។ 

ចំណែកជនសង្ស័យទាំង៦៨នាក់ ដែលត្រូវបញ្ជូនទៅតុលាការ រួមមាន ជនជាតិខ្មែរ៣៩នាក់ ជនជាតិថៃ១៥នាក់ ជនជាតិចិន៧នាក់ ជនជាតិវៀតណាម៤នាក់ ជនជាតិឡាវ២នាក់ និងជនជាតិឥណ្ឌូណេស៊ី១នាក់។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតគ្រឿងញៀន និងទូរសព្ទជាច្រេីនគ្រឿង រួមទាំងវត្ថុតាងផ្សេងៗទៀត។ សមត្ថកិច្ច ពុំបានបញ្ជាក់នោះទេថា គ្រឿងញៀនទាំងនោះ មានចំនួន ឬទម្ងន់ប៉ុន្មាន៕

រាយការណ៍ដោយលោក ឈុន មករា ទីភ្នាក់ងារអង្គភាព SBM News ប្រចាំខេត្តបន្ទាយមានជ័យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត