ទឹកចិត្តមនុស្សធម៌នៃសប្បុរសជនជាង១,០០០នាក់ ចូលរួមយ៉ាងកុះករក្នុងកម្មវិធីផ្ដល់ឈាម KNN GROUP «១,០០០ ឈាម ១,០០០ សង្ឃឹម»
Mao Sopha
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្មវិធីផ្ដល់ឈាម KNN GROUP «១,០០០ ឈាម ១,០០០ សង្ឃឹម» មានន័យថា ផ្ដល់ឈាម ១,០០០នាក់ ត្រូវបានរៀបចំឡើងដោយជោគជ័យ និងបញ្ចប់ទៅយ៉ាងរលូនដោយមានអ្នកចូលរួមជាង ១,០០០នាក់ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីតាំងគម្រោង «មេគង្គ ស៊ីធី» នៃ បុរី មេគង្គ លែន ដែលស្ថិតលើផ្លូវជាតិ ៦A។

កម្មវិធីសប្បុរសធម៌នេះ ត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើម និងការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន KNN GROUP និង លោកជំទាវ ហេង ចិន្តា ក្នុងគោលបំណង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ សុខមាលភាព របស់ប្រជាជនកម្ពុជាព្រមទាំងជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដែលត្រូវការ ឈាមជាចាំបាច់ជាពិសេសកុមារដែលកំពុងប្រឈមនឹងជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ។

ព្រឹត្តិការណ៍នេះ មានការចូលរួម ពីសំណាក់សប្បុរសជន បុគ្គលិក KNN GROUP, ដៃគូអាជីវកម្ម​ និងអតិថិជនយ៉ាងច្រើនកុះករ បានបង្ហាញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តទំនួលខុសត្រូវសង្គម ប្រកបដោយការយកចិត្តទុកដាក់ ស្មារតីចែករំលែក និងក្ដីស្រលាញ់ចំពោះសហគមន៍។ ការចូលរួមនេះ មិនត្រឹមតែជាការរួមចំណែកដល់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នាក្នុងការបង្កើត ផលវិជ្ជមានសម្រាប់សហគមន៍ និងសង្គមជាតិផងដែរ។

អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន KNN GROUP បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ភាគីពាក់ព័ន្ធ ក្រុមគ្រូពេទ្យ និងជាពិសេសបងប្អូនសប្បុរសជនទាំងអស់ដែលបានចំណាយពេលវេលា និងបរិច្ចាគឈាមផ្ទាល់ខ្លួន។ អ្នកឧកញ៉ា មានប្រសាសន៍ថា៖ «រាល់ដំណក់ឈាមដែលបងប្អូនបានបរិច្ចាគក្នុងថ្ងៃនេះ មិនត្រឹមតែជាក្តីសង្ឃឹមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការសង្គ្រោះជីវិតប្រជាជនកម្ពុជាយើងដោយផ្ទាល់។ ក្រុមហ៊ុន KNN GROUP ពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានក្លាយជាផ្នែកមួយនៃការផ្តល់ឱកាស និងសេចក្តីសង្ឃឹមថ្មីដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់»។

ក្រុមហ៊ុន KNN GROUP សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅម្តងទៀតចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមយ៉ាងសកម្មពីសំណាក់សាធារណជនទាំងអស់ ដែលបានធ្វើឱ្យយុទ្ធនាការ «១,០០០ ឈាម ១,០០០ សង្ឃឹម» ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

យើងទាំងអស់គ្នាមានមោទនភាព និងសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងសកម្មភាពដ៏មានអត្ថន័យនេះ ដើម្បីផ្តល់ក្តីសង្ឃឹម ក្តីស្រលាញ់ និងរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរ។

យើងទាំងអស់គ្នាមានមោទនភាព និងសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងសកម្មភាពដ៏មានអត្ថន័យនេះ ដើម្បីផ្តល់ក្តីសង្ឃឹម ក្តីស្រលាញ់ និងរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត