
ក្រុងកែប៖ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យដំណើរការរថយន្តស្កេន ត្រួតពិនិត្យមធ្យោបាយធ្វើដំណើរ គ្មានពន្ធ និងល្មើសច្បាប់ចរាចរណ៍។ នេះបើតាមប្រសាសន៍លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានា នៅពន្ធនាគារខេត្តកែប កាលពីថ្ងៃទី៥កញ្ញា ឆ្នាំ២០២៦ម្សិលមិញ...។

ថ្លែងចេញពីវេទិកា ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានផ្ញើសារក្រើនរំឭកជាថ្មីដល់ប្រជាពលរដ្ឋទូទៅ ព្រមទាំងមន្ត្រីរាជការទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនថា នៅរាជធានី-ខេត្តប្រឈមទាំង៥ ឬនៅក្រៅតំបន់ទាំងនោះឡើយ។លោកអះអាងថា ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យដំណើរការរថយន្តស្កេន ដើម្បីត្រួតពិនិត្យមធ្យោបាយធ្វើដំណើរដែលគ្មានពន្ធ និងល្មើសច្បាប់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ។ ការប្រើប្រាស់បច្ចេកវិទ្យារថយន្តស្កេននេះ នឹងជួយពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅលើដងផ្លូវឱ្យកាន់តែប្រសើរឡើង។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានផ្ញើសារដាស់ស្មារតីដល់មន្ត្រីក្នុងក្របខ័ណ្ឌទាំងបី ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។ ដោយឡែក សម្រាប់ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ត្រូវរក្សាឱ្យបាននូវប្រសិទ្ធភាពគ្រប់គ្រង ទាំងការគោរពសិទ្ធិអ្នកជាប់ឃុំ ជាពិសេស ត្រូវអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់មិនឱ្យមានរឿងអាស្រូវណាមួយកើតឡើងដាច់ខាត។

លោកសង្កត់ធ្ងន់ថា ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងជាកន្លែងអប់រំកែប្រែអ្នកជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អឡើងវិញ ដោយផ្តោតលើការកែប្រែឥរិយាបថ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការផ្ដល់ឱកាសក្នុងការកសាងជីវិតថ្មីប្រកបដោយកិត្តិយស ពេលត្រឡប់ចូលក្នុងសង្គមវិញ។ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានណែនាំឱ្យរឹតបណ្តឹងការត្រួតពិនិត្យនៅតាមច្រកចេញ-ចូលនីមួយៗ ទាំងការចូលសួរសុខទុក្ខពីសំណាក់សាច់ញាតិ ដោយត្រូវត្រួតពិនិត្យឱ្យបានស្ទាត់ជំនាញ ម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់ដាច់ខាត នូវការលួចលាក់នាំចូលគ្រឿងញៀន អាវុធ ឧបករណ៍បម្រាម ឬសម្ភារខុសច្បាប់ផ្សេងៗចូលក្នុងពន្ធនាគារ៕




