រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់មន្ត្រីឱ្យពន្លឿនដោះស្រាយបញ្ហាដែលពលរដ្ឋលើកឡើងតាមបណ្តាញសង្គម
អុន សម្ផស្ស
10 ឧសភា 2025 07:00 AM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានណែនាំមន្ត្រីខ្លួនឱ្យយកចិត្តទុកដាក់ និងខិតខំពន្លឿនការដោះស្រាយបញ្ហារបស់ពលរដ្ឋដែលផ្ញើចូលក្នុងទំព័រហ្វេសប៊ុករបស់លោកផ្ទាល់ និងហ្វេសប៊ុករបស់សម្ដេច ខេង ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ។ 

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

លោកឧបនាយករដ្ឋមន្ត្រី ស សុខា គូសរំលេចលើទំព័រហ្វេសប៊ុកផ្លូវការថា«ខ្ញុំក៏សុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថា រាល់ដំណោះស្រាយនោះ មានភាពគ្រប់ជ្រុងជ្រោយ និងចំបញ្ហា ព្រមទាំងបានចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាលប៉ុណ្ណោះទេ»។ តាមរបាយការណ៍ ត្រីមាសទី១ ឆ្នាំ២០២៥នេះ ក្រុមការងារតាមដានមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុកសម្តេច ស ខេង និងទំព័រហ្វេសប៊ុករបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃមានចំនួនសរុប៩១គណនី។ ក្នុងនោះបានទទួលការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន២៨គណនី និងកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយចំនួន៤៥គណនី និងចំនួន១៨គណនីទៀត បានលើកជាគំនិតយោបល់របស់ប្រជាពលរដ្ឋ។

រូបភាពតំណាង
រូបភាពតំណាង

ក្រៅតែពីការគូសរំលេចឱ្យមន្ត្រីពន្លឿនការដោះស្រាយនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។ លោកចាត់ទុកថា វឌ្ឍនភាពការងារនេះសម្រេចទៅបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារជំនាញពាក់ព័ន្ធ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត