
រាជធានីភ្នំពេញ៖ ជនស៊ីវិលស្លូតត្រង់កម្ពុជាម្នាក់ទៀត បានស្លាប់ដោយសារការវាយប្រហាររបស់យោធាថៃឈ្លានពាន មកលើដែនអធិបតេយ្យភាពកម្ពុជា។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាវេលាម៉ោងជិត២រសៀល ថ្ងៃទី១៥ធ្នូនេះ...។

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីម៉ោង៦ល្ងាចថ្ងៃទី១៤ធ្នូ រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១៥ធ្នូ អំពើឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជារបស់ភាគីថៃ ផ្តើមឡើងជាថ្មីកាលពីថ្ងៃទី៧ធ្នូ បានសម្លាប់ពលរដ្ឋម្នាក់ទៀតជាស្ត្រី មានទីលំនៅក្នុងខេត្តឧត្តរមានជ័យ ធ្វើឱ្យតួលេខអ្នកស្លាប់កើនដល់១៣នាក់ ខណៈអ្នករបួសមានចំនួន៧៤នាក់។ ការបន្តវាយប្រហារមិនឈប់ ហើយបានពង្រីកការវាយប្រហារទៅកាន់តំបន់ជាច្រើនទៀតរបស់កម្ពុជា ដែលមានជនស៊ីវិលរស់នៅពីសំណាក់យោធាថៃ បានបង្ខំឱ្យពលរដ្ឋចំនួន១២១ ៣៧២គ្រួសារ ស្មើនឹង៤០៥ ៧៥៨នាក់ (ស្ត្រីប្រមាណ២សែន៨ពាន់នាក់, កុមារប្រមាណ៩ម៉ឺន៦ពាន់នាក់) ក្នុងខេត្តជាប់ព្រំដែនចំនួន៧ រួមមាន៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប ត្រូវរត់ចេញពីផ្ទះសម្បែងទៅរកមណ្ឌលសុវត្ថិភាព ដើម្បីរក្សាជីវិតពីគ្រាប់ផ្លោងដែលថៃបន្តទម្លាក់។

តាមតួលេខបឋម ក្រៅពីបង្កឱ្យពលរដ្ឋស្លាប់ រងរបួស និងភៀសខ្លួនរាប់សិបម៉ឹននាក់ ការវាយប្រហារទាំងកំរោលរបស់ថៃលើកម្ពុជា បានបង្កឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ៣៦ខ្នង, សាលារៀន, មណ្ឌលសុខភាព, ប្រាសាទបុរាណ, វត្តអារាម ស្ពាន ព្រមទាំងទ្រព្យសម្បត្តិ និងសម្ភារជាច្រើនទៀត។ ក្រៅពីនេះ សេវាជាមូលដ្ឋានដូចជា៖ សេវារដ្ឋបាល សុខាភិបាល និងអប់រំនៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារដោយអាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។ សូមជម្រាបថា កាលពីវេលាម៉ោង១២:៥៦នាទីមុននេះ យោធាថៃ បានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនតាមបណ្ដោយព្រំដែនភូមិសង្គមថ្មី និងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យ៉ាងណាក៏ដោយ កងម្លាំងកម្ពុជាបានបន្តតាមដាន និងការពារដែនអធិបតេយ្យដោយការប្រុងប្រយ័ត្នខ្ពស់បំផុត៕




