អធិការរងខណ្ឌចំការមន ដែលប្រើសម្ដីមិនសមរម្យដាក់ពលរដ្ឋ ត្រូវបណ្ដេញចេញពីក្របខណ្ឌ
S
Soriya Sou
31 សីហា 2025 09:00 AM

រាជធានីភ្នំពេញ៖ លោកវរសេនីយ៍ត្រី ហួត គង់ ដែលត្រូវបានគេស្គាល់ថា ជាអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដាក់ទណ្ឌកម្ម ដកហូតមុខដំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ...។

យោងប្រកាស ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី ស សុខា បញ្ជាក់យ៉ាងច្បាស់ថា៖«លោកវរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន ត្រូវបណ្ដេញចេញពីក្របខណ្ឌ ក្រោមមូលហេតុ៖ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ ក្រោយបញ្ចប់មុខតំណែង ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥តទៅ។»

ជាការកត់សម្គាល់ មុនបណ្ដេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ អធិការរងខណ្ឌចំការមនខាងលើ ទើបតែត្រូវបានមន្រ្តីជំនាញកោះហៅទៅអប់រំ ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋ ថាលោកបានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យដាក់ប្រជាពលរដ្ឋដែលជាសាក្សី ក្នុងករណីឃាតកម្មសម្លាប់ស្ត្រីជនបរទេសម្នាក់ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមរំឭកថា កាលពីឆ្នាំ២០២៣ លោកអធិការរងរូបនេះ ក៏ធ្លាប់បានថ្នាក់ដឹកនាំដកបញ្ឈរជើងម្ដងរួចមកហើយដែរ ក្រោយផឹកស្រវឹង ហើយប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត