
រាជធានីភ្នំពេញ៖ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានព្រមានពីល្បិចបោកប្រាស់ថ្មីៗដែលជនខិលខូចកំពុងប្រើប្រាស់ ដើម្បីលួងលោម ឬបង្ខំពលរដ្ឋបង្កើតគណនីធនាគារ រួចប្រគល់ឱ្យពួកគេប្រើប្រាស់ជាគណនីខ្មោច (Money Mule) សម្រាប់ទទួលប្រាក់ពីសកម្មភាពខុសច្បាប់ ឬប្រើប្រាស់ក្នុងការលាងសម្អាតប្រាក់កខ្វក់..។

ស្ថាប័នជំនាញមួយនេះបញ្ជាក់ថា ជនខិលខូចតែងប្រើប្រាស់វិធីសាស្ដ្រជាច្រើនដូចជា៖ ការទិញ ឬជួលគណនីធនាគារ ការផ្សព្វផ្សាយការងារក្លែងក្លាយ ការលួចយកព័ត៌មានអត្តសញ្ញាណ និងការបន្លំធ្វើជាសមត្ថកិច្ច ឬបុគ្គលិកធនាគារ ដើម្បីទទួលបានគណនី ឬព័ត៌មានសម្ងាត់របស់ជនរងគ្រោះ។ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាលម្អិតថា ល្បិចទាំងនោះ រួមមាន៖ ទី១. ការទិញ ឬជួលគណនីធនាគារជនល្មើសផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយអូសទាញប្រជាពលរដ្ឋឱ្យបង្កើតគណនីធនាគារ រួចប្រគល់កាត ATM លេខទូរសព្ទ លេខសម្ងាត់ PIN ឬលេខកូដ OTP ឱ្យពួកគេ ដោយសន្យាផ្តល់ប្រាក់កម្រៃខ្ពស់ជាថ្នូរ។ ទី២. ការបោកប្រាស់តាមរយៈការជ្រើសរើសបុគ្គលិក ជនល្មើសអាចបង្កើតការងារក្លែងក្លាយ ការងារពីចម្ងាយ ការងារបញ្ចូលទិន្នន័យ ឬការងារផ្សព្វផ្សាយពាណិជ្ជកម្ម ហើយតម្រូវឱ្យអ្នកដាក់ពាក្យបើកគណនីធនាគារ ដើម្បីទទួលប្រាក់ខែ។ បន្ទាប់មក ពួកគេអាចលួងលោម ឬទាមទារយកគណនីនោះមកគ្រប់គ្រង។

ទី៣. ការលួចយកព័ត៌មានអត្តសញ្ញាណ ជនល្មើសអាចបោកបញ្ឆោតសុំរូបថតអត្តសញ្ញាណបណ្ណ និងរូបថតផ្ទាល់ខ្លួន ដោយប្រើលេសថា ជាការផ្ដល់ជំនួយ កម្ចីប្រាក់ងាយៗ ឬការឈ្នះរង្វាន់។ បន្ទាប់មក ព័ត៌មានទាំងនោះអាចត្រូវបានយកទៅប្រើប្រាស់សម្រាប់បើកគណនីធនាគារអនឡាញ ឬគណនីរហ័សដោយគ្មានការអនុញ្ញាត។ ទី៤. ការបន្លំធ្វើជាសមត្ថកិច្ច ឬបុគ្គលិកធនាគារ ជនល្មើសអាចខលទូរសព្ទ ឬផ្ញើសារមកបំភ័យជនរងគ្រោះ ដោយអះអាងថា គណនីមានបញ្ហា ឬម្ចាស់គណនីមានជាប់ពាក់ព័ន្ធនឹងបទល្មើស។ បន្ទាប់មក ពួកគេបង្ខំឱ្យជនរងគ្រោះបង្កើតគណនីថ្មី ផ្ទេរប្រាក់ ឬប្រគល់សិទ្ធិគ្រប់គ្រងគណនី ដោយអះអាងថា ដើម្បីដោះស្រាយបញ្ហា។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាណែនាំថា ដើម្បីការពារខ្លួនពីការបោកប្រាស់បែបនេះ ប្រជាពលរដ្ឋមិនត្រូវផ្តល់អត្តសញ្ញាណបណ្ណ រូបថត លេខសម្ងាត់ PIN ឬ OTP និងកុំបង្កើតគណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់ ជាថ្នូរនឹងផលប្រយោជន៍ណាមួយ។ ជាមួយគ្នានេះ ពលរដ្ឋមិនត្រូវលក់ ឬជួលគណនីធនាគាររបស់ខ្លួន និងត្រូវចងចាំថា មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល ឬបុគ្គលិកធនាគារ មិនមានលក្ខខណ្ឌទាមទារសិទ្ធិគ្រប់គ្រងគណនីធនាគាររបស់ប្រជាពលរដ្ឋឡើយ។ ក្នុងករណីមានបុគ្គលណាម្នាក់ព្យាយាមជួលគណនី ជំរុញឱ្យបើកគណនី ឬលួងលោមសុំសិទ្ធិគ្រប់គ្រងគណនីធនាគារ សាធារណជនត្រូវរាយការណ៍ដល់សមត្ថកិច្ចជំនាញជាបន្ទាន់ ដើម្បីចៀសវាងការចូលរួមដោយមិនដឹងខ្លួនក្នុងសកម្មភាពខុសច្បាប់៕



