ក្រសួងអំពាវនាវឱ្យស្ថាប័នជំនាញ និងអាជ្ញាធររក្សាទឹកទុក ខណៈរដូវវស្សាឆ្នាំ២០២៦ អាចបញ្ចប់លឿនជាងធម្មតា
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចុងរដូវវស្សាឆ្នាំ២០២៦ គិតចាប់ពីខែកញ្ញា ដល់ខែតុលា សីតុណ្ហភាពនឹងមានកម្រិតទាបជាងមធ្យមភាគ ខណៈបរិមាណទឹកភ្លៀងអាចមានកម្រិតទាបជាងធម្មតា ធ្វើរដូវវស្សាអាចបញ្ចប់លឿនជាងធម្មតា..។

រូបភាពតំណាង
រូបភាពតំណាង

តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៤កញ្ញា ក្រសួងព្យាករថា សីតុណ្ហភាពមធ្យមនៅចុងរដូវវស្សាឆ្នាំនេះ នឹងស្ថិតនៅប្រមាណ ២៦ ទៅ ៣៦អង្សាសេ ដែលទាបជាងមធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៥។ ចំពោះបរិមាណទឹកភ្លៀងវិញ អាចមានចាប់ពីកម្រិតបង្គួរ ទៅមធ្យម ហើយនៅតំបន់មួយចំនួនអាចមានកម្រិតទាបជាងមធ្យមភាគច្រើនឆ្នាំ ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ ខណៈរបាយទឹកភ្លៀងអាចមិនសូវរាយប៉ាយដូចឆ្នាំ២០២៥។

រូបភាពតំណាង
រូបភាពតំណាង

ក្រសួងបញ្ជាក់ថា នៅចុងរដូវវស្សាហូតដល់ការបញ្ចប់រដូវវស្សាឆ្នាំនេះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចកើតមានជាមធ្យម ប៉ុន្តែរដូវវស្សាឆ្នាំ២០២៦នេះអាចបញ្ចប់នៅក្នុងសប្តាហ៍ទី៣នៃខែតុលា ដែលលឿនជាងធម្មតា និងលឿនជាងឆ្នាំមុន។ ក្នុងន័យនេះ ក្រសួងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងចាត់វិធានការរក្សាទឹកទុកឱ្យបានច្រើន ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំងខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត