
រដ្ឋធានីឡាប៉ាស៖ មនុស្សយ៉ាងហោចណាស់១០នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃសុក្រទី៤ ខែកញ្ញា បន្ទាប់ពីមានការផ្ទុះយ៉ាងរន្ធត់មួយបានកើតឡើងនៅក្នុងបន្ទាយយោធា ស្ថិតក្នុងក្រុងវីអាឆា (Viacha) ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីរដ្ឋធានីឡាប៉ាស ប្រទេសបូលីវី។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។

ហេតុការណ៍ផ្ទុះដ៏គួរឱ្យតក់ស្លុតនេះ បានកើតឡើងនៅក្នុងតំបន់រក្សាទុកកាំជ្រួច និងគ្រាប់រំសេវ។ បើទោះបីជាមូលហេតុពិតប្រាកដមិនទាន់ត្រូវ បានបញ្ជាក់ផ្លូវការយ៉ាងណាក្ដី មន្ត្រីជំនាញបានបញ្ជាក់ថា អគ្គិភ័យ និងការផ្ទុះនេះបានចាប់ផ្តើមចេញពីឃ្លាំងស្តុកកាំជ្រួចរបស់ក្រសួងការពារជាតិ។ លោកស្រី រីតា ណេប្រាស់ស្កា (Rita Nebraska) នាយិកាសុខាភិបាលក្រុងងវីអាឆា បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា មនុស្សចន្លោះពី ១០ ទៅ ១៥នាក់ បានស្លាប់ និង៦២នាក់ផ្សេងទៀតបានរងរបួស។ ក្នុងចំណោមអ្នករងរបួស មាន១៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងរដ្ឋធានីឡាប៉ាស រួមទាំងក្មេងស្រីម្នាក់ ដែលរងរបួសរលាកកម្រិតធ្ងន់ធ្ងរផងដែរ។

កម្លាំងនគរបាលបានអះអាងថា មនុស្សជាង ៥០នាក់បានរងរបួស និងផ្ទះសម្បែងជាច្រើនសិបខ្នងត្រូវរងការខូចខាត។ រថយន្តសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យ និងកងកម្លាំងនគរបាល ត្រូវបានពង្រាយជាប្រញាប់ទៅកាន់ទីតាំងកើតហេតុ ដើម្បីវាយតម្លៃការខូចខាត និងជម្លៀសអ្នករងរបួសទៅកាន់មជ្ឈមណ្ឌលសុខភាព។ លោកស្រី ណេប្រាស់ស្កា បានបន្ថែមថា ភ្នាក់ងារពន្លត់អគ្គិភ័យបានព្រមានពីប្រភពកម្ដៅដែលនៅសេសសល់ក្នុងទីតាំងកើតហេតុ ដែលអាចប្រឈមនឹងហានិភ័យកើតមានការផ្ទុះម្ដងទៀត ដោយបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋឱ្យស្ថិតនៅឃ្លាតឆ្ងាយយ៉ាងហោចណាស់ ១៥០ម៉ែត្រពីកន្លែងកើតហេតុ៕




