
រដ្ឋធានីឡាប៉ាស៖ ភាពច្របូកច្របល់ បានផ្ទុះឡើងក្នុងសមាជរបស់ប្រទេសបូលីវី កាលពីថ្ងៃព្រហស្បតិ៍ទី៣កក្កដា ក្នុងអំឡុងពេលជជែកពិភាក្សាគ្នាអំពីកិច្ចសន្យាលីចូមដ៏ចម្រូងចម្រាសជាមួយក្រុមហ៊ុនចិន និងរុស្ស៊ី អាចនាំមកនូវការវិនិយោគដែលមានតម្លៃប្រហែល២ពាន់លានដុល្លារ។

វាគឺជាការផ្ទុះឡើងចុងក្រោយនៃភាពតានតឹងដែលកំពុងកើនឡើង ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់បូលីវី ដើម្បីទទួលបានការវិនិយោគបរទេសយ៉ាងឆាប់រហ័សដើម្បីទាញយកទុនបម្រុងលីចូម។ សមាជិកសភាបក្សប្រឆាំង និងអ្នកដែលមានស្មោះត្រង់នឹងអតីតប្រធានាធិបតី អ៊ីវ៉ូ ម៉ូរ៉ាឡេស (Evo Morales) បានរំខានដល់សម័យប្រជុំសភាជាន់ទាប ផ្តោតលើរដ្ឋមន្ត្រីថាមពល លោក អាឡិចហ្សង់ដ្រូ ហ្គាឡាដូ ខណៈគាត់ព្យាយាមការពារកិច្ចសន្យាដែលមិនទាន់សម្រេច។

លោក ដានីញែល រ៉ូចាស (Daniel Rojas) តំណាងរាស្ត្របក្សប្រឆាំងម្នាក់ក្នុងចំណោមអ្នកប្រឆាំងកិច្ចសន្យាដែលពួកគេអះអាងថា មិនអំណោយផលដល់រដ្ឋ បានលើកឡើងថា៖«ពួកគេកំពុងព្យាយាមបោកប្រាស់យើង»។ សម័យប្រជុំកាលពីថ្ងៃព្រហស្បតិ៍បានក្លាយទៅជាការប៉ះទង្គិចគ្នា ដោយសមាជិកសភាបានរុញ ស្រែក និងគប់ក្រដាសដាក់មេដឹកនាំសភា។ រូបភាពវីដេអូបានបង្ហាញពីសមាជិកសភាបក្សប្រឆាំងម្នាក់ឈ្មោះ ម៉ារីយ៉ា សាឡាហ្សា (Maria Salazar) វាយតប់ជាមួយសមាជិកម្នាក់ទៀត ខណៈសមាជិកសភាម្នាក់ ក្រោយមកបានទាញឆ័ត្រពីមេដឹកនាំសភា ដើម្បីព្យាយាមវាយបំបែករបាំងការពារ។ គួរបញ្ជាក់ថា ក្រុមប្រឆាំងលើកឡើងថា ពួកគេបារម្ភថា កិច្ចព្រមព្រៀងនេះនឹងមិនផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋានទេ ហើយនឹងបង្កការខូចខាតបរិស្ថាន៕



