
រដ្ឋធានីឡាប៉ាស៖ មនុស្ស១៥នាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់៣០នាក់ផ្សេងទៀតរងរបួស កាលពីល្ងាចថ្ងៃសុក្រទី២៧កុម្ភៈ បន្ទាប់ពីយន្តហោះយោធាប្រភេទ Hercules (ហឺឃ្យូលី) របស់កងទ័ពអាកាសបូលីវី ដឹកក្រដាសប្រាក់ថ្មីៗចេញពីធនាគារកណ្តាល បានធ្លាក់នៅលើដងវិថីដ៏មមាញឹកមួយ ដោយសារស្ថានភាពអាកាសធាតុអាក្រក់ នៅទីក្រុងអែលអាល់តូ (El Alto) ក្បែររដ្ឋធានីឡាប៉ាស...។

យន្តហោះយោធានេះ បានធ្វើដំណើរចេញពីទីក្រុងសាន់តាគ្រូស្ស (Santa Cruz) ហើយបានធ្លាក់ បន្ទាប់ពីចុះចត រួចក៏រអិលចេញពីផ្លូវរត់ជ្រុលទៅលើវិថីនៅក្បែរនោះ។ បើយោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ វីដេអូ នៅលើបណ្តាញសង្គមបានបង្ហាញពីទិដ្ឋភាពដ៏ច្របូកច្របល់ ដោយមានមនុស្សជាច្រើនបានសម្រុកទៅកាន់កន្លែងកើតហេតុ ដើម្បីរើសយកប្រាក់ដែលនៅរាយប៉ាយពេញដី បន្ទាប់ពីគ្រោះថ្នាក់នេះ។

អាជ្ញាធរមូលដ្ឋាននៅកន្លែងកើតហេតុ បានព្យាយាមរារាំងប្រជាជនដោយប្រើបំពង់បាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។ អាកាសយានដ្ឋានអន្តរជាតិអែលអាល់តូ (El Alto) ត្រូវបានបិទជាបណ្តោះអាសន្ន បន្ទាប់ពីការធ្លាក់យន្តហោះនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញឱ្យឃើញថា យន្តហោះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមជាមួយនឹងរថយន្តមួយចំនួនទៀត ដែលកំពុងស្ថិតនៅលើដងវិថី៕




