
រដ្ឋធានីប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន បានប្រាប់សមភាគីបូលីវីថា ចិននឹងតែងតែជាមិត្ត និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់បណ្តាប្រទេសអាម៉េរិកឡាទីន ខណៈរដ្ឋធានីប៉េកាំង និងរដ្ឋធានីវ៉ាស៊ីនតោន សម្លឹងមើលការពង្រឹងជំហររៀងៗខ្លួននៅក្នុងតំបន់ ដែលស្ថិតក្រោមឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក...។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយក្នុងអំឡុងកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៨កុម្ភៈថា៖«អាម៉េរិកឡាទីន គឺជាផ្ទះរបស់ប្រជាជនអាម៉េរិកឡាទីន ហើយមិនមែនជាទីធ្លាបង្ហាញឥទ្ធិពលរបស់ប្រទេសណាមួយឡើយ»។ លោក វ៉ាង បានប្រាប់រដ្ឋមន្ត្រីការបរទេសបូលីវី លោកស្រី សេលីនដា សូសា ថា ចិនចង់បង្កើនភាពជាដៃគូយុទ្ធសាស្ត្រចិន-បូលីវីជាបន្តបន្ទាប់។ បូលីវី ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋធានីប៉េកាំង ក្នុងឆ្នាំ១៩៨៥ ស្ថិតក្នុងចំណោមប្រទេសជាច្រើននៅអាម៉េរិកខាងត្បូង មានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិនតាមរយៈបំណុល និងការវិនិយោគ។ បូលីវាជំពាក់បំណុលចិន ជាប្រទេសផ្តល់កម្ចីទ្វេភាគីធំជាងគេរបស់ពិភពលោក ពោលកឺជាង១,៧ពាន់លានដុល្លារអាម៉េរិក នេះបើតាមទិន្នន័យរបស់ធនាគារពិភពលោក។ ក្រុមហ៊ុនចិនបានបណ្តាក់ទុនបន្ថែមចំនួន៦ពាន់លានដុល្លារអាម៉េរិក នៅក្នុងវិស័យលោហៈ ថាមពល និងដឹកជញ្ជូនរបស់ប្រទេសបូលីវី។

ទិន្នន័យរបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសរបស់សហរដ្ឋអាម៉េរិក នៅក្នុងប្រទេសបូលីវីមានចំនួនប្រហែល៤៣០លានដុល្លារអាម៉េរិក នៅក្នុងវិស័យប្រេង និងឧស្ម័ន និងផលិតកម្ម។ អាម៉េរិក និងចិន កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញនៅតំបន់អាម៉េរិក។ លោក វ៉ាង បានលើកឡើងថា៖ «ប្រទេសចិនគាំទ្រប្រទេសនៅអាម៉េរិកឡាទីន ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ»។ លោកក៏បានអបអរសាទរដល់បូលីវីដែល បានក្លាយជាសមាជិកនៃ BRICS ជាក្រុមប្រទេសកំពុងអភិវឌ្ឍដែលបង្កើតឡើងដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដើម្បីប្រជែងនឹងសណ្តាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងដោយលោកខាងលិច។

ចាប់តាំងពីពេលនោះមក ក្រុមនេះបានពង្រីកសមាជិកភាព ដោយរួមបញ្ចូលអាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី ឥណ្ឌូណេស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។ លោក ត្រាំ បានព្រមានម្ដងហើយម្ដងទៀត លើ BRICS កុំឱ្យប្រកួតប្រជែងលើឥទ្ធិពលនៃប្រាក់ដុល្លារអាម៉េរិក ហើយបានគំរាមកំហែងសមាជិកក្រុមនេះ ជាមួយនឹងពន្ធ១០០ភាគរយ ប្រសិនបើពួកគេចង់ប្រជែងជាមួយប្រាក់ដុល្លារ៕


